(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកកំពុងវិលត្រឡប់មកកាន់ ក្រុមប្រឹក្សាសិទ្ធិមនុស្ស (UNHRC) របស់អង្គការសហប្រជាជាតិឡើងវិញហើយ បន្ទាប់ពីរយៈពេល ៣ឆ្នាំ និង ៦ខែ នៃការដើរចេញរបស់ខ្លួននាំឲ្យគ្រប់គ្នាកត់សម្គាល់ឃើញថា ចិនបាននិងកំពុងចាប់យកឱកាស ដើម្បីពង្រីកឥទ្ធិពលកាន់តែទូលំទូលាយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា ឆ្នាំ២០២១។

មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) កំពុងធ្វើការជ្រើសរើសសមាជិកថ្មី សម្រាប់ស្ថាប័នសិទ្ធិមនុស្សកំពូលរបស់អង្គការសហប្រជាជាតិ នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលានេះ ដោយប្រទេសនានានឹងចាប់ផ្តើមអាណត្តិក្រុមប្រឹក្សា ដែលមានរយៈពេល ៣ឆ្នាំរបស់ពួកគេ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២។ ទោះបីជារដ្ឋជាសមាជិក ត្រូវបានជ្រើសរើសដោយសន្លឹកឆ្នោតសម្ងាត់ក៏ដោយ ក៏ការបោះឆ្នោតនេះមិនមែនជាការប្រកួតប្រជែងអ្វីឡើយ ខណៈប្រទេសចំនួន ១៨ កំពុងឈរឈ្មោះដើម្បីទទួលបានអាសនៈសរុបចំនួន ១៨។

សហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៨ ដែលជាសម័យកាលដឹកនាំដោយលោក ដូណាល់ ត្រាំ បានសម្រេចចិត្តដកខ្លួនចេញពី UNHRC ដោយចោទក្រុមប្រឹក្សា UN នេះថា «លាក់ពុត» និងព្យាយាមរករឿងតែចំពោះប្រទេសអ៊ីស្រាអែល។ ប៉ុន្តែនៅក្នុងឆ្នាំ២០២១នេះ ដែលជាសម័យកាលកំពុងដឹកនាំដោយលោក ចូ បៃដិន, សហរដ្ឋអាមេរិកនឹងត្រូវស្តារឥទ្ធិពលឡើងវិញ ដើម្បីដោះស្រាយបញ្ហាដែលខ្លួនមើលឃើញថា «ជាការកើនឡើងនៃឥទ្ធិពលចិន» នៅអំលុងពេលដែលសហរដ្ឋអាមេរិកអវត្តមាន។

មន្ត្រីទូតអឺរ៉ុបម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា អឺរ៉ុបស្វាគមន៍ចំពោះការត្រឡប់មកកាន់ UNHRC វិញ ពីសំណាក់សហរដ្ឋអាមេរិក។ មន្ត្រីទូតអឺរ៉ុបរូបនេះក៏បានជំរុញឲ្យសហរដ្ឋអាមេរិក ផ្តោតការយកចិត្តទុកដាក់ឡើងវិញ ចំពោះបណ្តាប្រទេសកំពុងអភិវឌ្ឍមួយចំនួន ដែលត្រូវបានទីក្រុងប៉េកាំង ផ្តល់ការគាំទ្រយ៉ាងកក់ក្តៅ កាលពីអំលុងសហរដ្ឋអាមេរិកអវត្តមាននោះផងដែរ។

ជុំវិញវត្តមានរបស់សហរដ្ឋអាមេរិកឡើងវិញ នាពេលខាងមុខនេះ ឯកអគ្គរដ្ឋទូតចិនប្រចាំទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ លោក ឈិន ស៊ូ (Chen Xu) បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅថ្ងៃពុធសប្តាហ៍នេះថា «ចិនសង្ឃឹមថាទីក្រុងវ៉ាស៊ីនតោន នឹងបើកកិច្ចសន្ទនាក្នុងន័យស្ថាបនា ហើយនឹងមិនធ្វើឱ្យសិទ្ធិមនុស្ស ក្លាយជាឈ្នាន់នយោបាយម្តងទៀតឡើយ»៕