(ប៉េកាំង)៖ «ការអភិរក្សជីវចម្រុះមានអំណោយផលដល់ការគាំពារភពផែនដី និងជំរុញការអភិវឌ្ឍជានិរន្តភាពរបស់មនុស្សជាតិ»។ ថ្ងៃទី១២ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃមហាសន្និបាតភាគីហត្ថលេខីនៃ «អនុសញ្ញាជីវចម្រុះ» របស់អង្គការសហប្រជាជាតិលើកទី១៥ តាមប្រព័ន្ធវីដេអូព្រមទាំង ថ្លែងសុន្ទរកថាគន្លឹះ។

លោក Xi Jinping ប្រធានរដ្ឋចិនបានអធិប្បាយយ៉ាងលម្អិតពីបញ្ហាសំខាន់ៗមួយចំនួនដូចជា តើត្រូវកសាងទីលំនៅនៅភាពផែនដីប្រភេទណា តើត្រូវកសាងយ៉ាងដូចម្តេច និងតើប្រទេសចិនត្រូវធ្វើយ៉ាងណាជាដើមដែលបានចង្អុលបង្ហាញយ៉ាងច្បាស់នូវទិសដៅសម្រាប់បង្កើតសហគមន៍រួមអាយុជីវិតនៃភពផែនដី បានរួមចំណែកជាតម្រិះ ប្រាជ្ញា និងកម្លាំងរបស់ចិន ក៏ដូចជាបានបង្ហាញពីកាតព្វកិច្ចនិងទំនួលខុសត្រុវរបស់ប្រទេសធំផងដែរ។

ជីវចម្រុះគឺជាមូលដ្ឋានដែលមនុស្សជាតិទាំងអស់ពឹងអាស្រ័យនឹងអភិវឌ្ឍទៅមុខ។ បើនិយាយចំពោះមនុស្សជាតិ បញ្ហាថា «តើត្រូវរួមគ្នាបង្កើតសហគមន៍រួម អាយុជីវិតនៃ ភពផែនដីយ៉ាងណា» បានក្លាយជាសំណួរដែលចាំបាច់ត្រូវឆ្លើយជាបន្ទាន់។ ក្នុងកិច្ចប្រជុំសកលលើកទី១ ក្រោមប្រធានបទអរិយធម៌អេកូឡូស៊ីដែលធ្វើឡើងដោយ អង្គការសហប្រជាជាតិ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងថា ត្រូវយកការកសាងអរិយធម៌អេកូឡូស៊ីជាការណែនាំដើម្បីសម្របសម្រួលទំនាក់ទំនងរវាង មនុស្សនិងធម្មជាតិ យកការផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍ពណ៌បៃតងទៅជំរុញការអភិវឌ្ឍប្រកបដោយចីរភាពជាសកល ផ្តោតលើសុខុមាលភាពរបស់ប្រជាជនដើម្បីជំរុញ យុតិធ៌មនិងសច្ចធម៌សង្គម ក៏ដូចជាផ្អែកលើច្បាប់អន្តរជាតិដើម្បីគាំពារប្រព័ន្ធអភិបាលកិច្ចអន្តរជាតិប្រកបដោយយុត្តិធម៌និងសមហេតុផល។

អាចមើលឃើញថាសំណើរ៤ ចំណុចទាំងនេះគឺជាតម្រិះប្រាជ្ញាដែលប្រទេសចិន បានផ្តល់ដល់អភិបាលកិច្ចបរិស្ថានពិភពលោកដោយការគួរផ្សំ ជាមួយបទពិសោធន៍របស់ខ្លួន ហើយបានគ្រោងផែនការដំណោះស្រាយសម្រាប់ជំរុញបណ្តាប្រទេសនានាឱ្យរួមគ្នាបង្កើតសហគមន៍រួមអាយុជីវិតនៃភពផែនដី។ សំដៅចំពោះការជំរុញការអភិរក្ស ជីវចម្រុះជាសកល ប្រទេសចិនក៏បានចាត់ប្រតិបតិ្តការផងដែរ។

ក្នុងកិច្ចប្រជុំកំពូលលើកនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានប្រកាសថាប្រទេសចិននឹងផ្តល់ប្រាក់ទុន ១៥០០លានយាន់ប្រាក់ចិន មុនគេបង្អស់សម្រាប់បង្កើតមូលនិធិជីវចម្រុះក្រុងគុនមីងដើម្បីគាំទ្រដល់កិច្ចការអភិរក្សជីវចម្រុះរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ពន្លឿនការបង្កើត ប្រព័ន្ធតំបន់អភិរក្សធម្មជាតិដែលមានឧទ្យានជាតិជាតួអង្គសំខាន់ ក៏ដូចជានឹងដាក់ចេញជាបន្តបន្ទាប់នូវផែនការអនុវត្តស្តីពីការកាត់បន្ថយការបញ្ចេញកាបូន បន្ទាប់ពីឡើង ដល់ចំណុចកំពូលក្នុងវិស័យនិងមុខរបរសំខាន់ៗ និងវិធានការគាំទ្រជាច្រើន ដើម្បីបង្កើតជាប្រព័ន្ធគោលនយោបាយកាត់បន្ថយការបញ្ចេញកាបូនបន្ទាប់ពីឡើងដល់ ចំណុចកំពូលនិងអព្យាក្រឹតភាពកាបូន «1+N»។ល។

វិធានការថ្មីទាំងនេះបានបង្ហាញថាប្រទេសចិនកំពុងបោះជំហាឥតឈប់ឈរទៅរកគោលដៅនៃការកសាងប្រទេសចិនដ៏ស្រស់ស្អាត តាមរយៈការអនុវត្តជាក់ស្តែង របស់ខ្លួនដើម្បីបំពេញបន្ថែមកម្លាំងចលករកាន់តែច្រើនសម្រាប់ជំរុញការអភិវឌ្ឍប្រកបដោយចីរភាពជាសកល។ ក្នុងនាមជាអ្នកចូលរួម អ្នករួមចំណែកនិងជាអ្នកនាំមុខ ដ៏សំខាន់ ក្នុងការកសាងអរិយធម៌អេកូឡូស៊ីពិភពលោក ប្រទេសចិននឹងយកកិច្ចប្រជុំកំពូលលើកនេះជាឱកាស ដើម្បីជំរុញគ្រប់ភាគីទាំងអស់ឱ្យតាក់តែង «ក្របខ័ណ្ឌអំពី ជីវចម្រុះជាសកលក្រោយឆ្នាំ ២០២០» និងរួមចំណែករបស់ប្រទេសចិនកាន់តែច្រើនសម្រាប់ជំរុញការបង្កើតសហគមន៍រួមអាយុជីវិតនៃភពផែនដី៕