(វ៉ាស៊ីនតោន)៖ តើសហរដ្ឋអាមេរិកនឹងលូកដៃចូលក្នុងសង្រ្គាមជាមួយចិន ដើម្បីការពារកោះតៃវ៉ាន់ដែរឬទេ? នេះគឺជាសំណួរដែលគេតែងតែចោទសួរជារឿយៗ នៅពេល ទំនាក់ទំនងរវាងចិន និងតៃវ៉ាន់ធ្លាក់ចុះដុនដាបម្ដងៗ។ ចម្លើយនៃសំណួរនេះបានស្ថិតនៅក្នុងស្រពិចស្រពិលអស់រយៈពេលរាប់ទសវត្សរមកហើយ តែបច្ចុប្បន្នហាក់ដូចជាកាន់តែ ជិតត្រូវបានលាតត្រដាងបន្តិចម្ដងៗ។

កាលពីសប្ដាហ៍មុន, ចិនបានបញ្ជូនយន្ដហោះចម្បាំងជិត ១៥០គ្រឿង ចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណដែនការពារអាកាសតៃវ៉ាន់ ក្នុងពេលតែមួយដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តចំនួន៥ រួមមានទាំងជប៉ុន និងអង់គ្លេសដឹកនាំការធ្វើសមយុទ្ធយោធាជើងទឹកទ្រង់ទ្រាយធំមិនធ្លាប់មាននៅឯតំបន់ប៉ាស៊ីហ្វិកខាងលិច។ ការសម្ញែងសាច់ដុំយោធា ដាក់គ្នានេះត្រូវបានអមជាមួយវោហារសាស្ត្រប្រឈមមុខដាក់គ្នាពីភាគីទាំងសងខាង ដោយប្រធានាធិបតីចិន លោក ស៊ី ជិនពីងកាលពីចុងសប្ដាហ៍កន្លងទៅនេះបានសន្យាថានឹង សម្រេចឱ្យបាននូវការបង្រួបបង្រួមជាតិជាមួយកោះតៃវ៉ាន់ យ៉ាងពេញលេញដោយសន្តិវិធី។ ប៉ុន្តែ ខណៈការចុះចាញ់ ឬចុះញ៉មដោយស្ម័គ្រចិត្តរបស់តៃវ៉ាន់ មើលទៅដូចជានឹងមិន អាចកើតឡើង, ការបង្រួបបង្រួមដែលលោក ស៊ី ជិនពីងបានសន្យា ប្រហែលជាមានតែការប្រើប្រាស់កម្លាំងយោធាតែប៉ុណ្ណោះ។

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA កាលពីពេលថ្មីៗនេះបានបង្កើតអង្គភាពថ្មីមួយមានឈ្មោះថា «មជ្ឈមណ្ឌលបេសកកម្មចិន ឬ China Mission Center» ជាមួយការ ចាត់ទុកចិនថាជាការគំរាមកំហែងភូមិសាស្ត្រនយោបាយដ៏ធំបំផុតដែលសហរដ្ឋអាមេរិកត្រូវប្រឈមនៅក្នុងស.វទី២១នេះ។ ភារកិច្ចសំខាន់មួយរបស់អង្គភាពមួយនេះ នោះគឺ កំណត់ឱ្យច្បាស់ពីចេតនារបស់ចិនចំពោះកោះតៃវ៉ាន់។ ជុំវិញចេតនារបស់ចិននេះដែរ, រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក ឈៀវ គូ ឈិន (Chiu Kuo-cheng) បានព្រមានជា សាធារណៈកាលពីសប្ដាហ៍មុនថាចិនអាចនឹងប្រើកម្លាំងយោធាវាយយកកោះតៃវ៉ាន់នៅឆ្នាំ២០២៥ខាងមុខនេះ ហើយថែមទាំងបានពិពណ៌នាថាស្ថានភាពតំបន់ច្រកសមុទ្រតៃវ៉ាន់ នាពេលបច្ចុប្បន្នមានគ្រោះថ្នាក់បំផុតក្នុងរយៈពេល ៤០ឆ្នាំមកនេះទៀតផង។

បើតាមក្រុមអ្នកជំនាញ បរិយាកាសនយោបាយ និងប្រតិកម្មរបស់ប្រជាជនទាំងក្នុងប្រទេសចិន និងសហរដ្ឋអាមេរិក នឹងមានឥទ្ធិពលទៅលើការសម្រេចចិត្តរបស់មេដឹកនាំនៃ ប្រទេសទាំង២។ នៅក្នុងប្រទេសចិន, គំនិតស្នេហាជាតិ និងជាតិនិយមបានកើនឡើងជាលំដាប់នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដែលគេអាចមើលឃើញ តាមរយៈការផលិត ខ្សែភាពយន្ដបែបស្នេហាជាតិ។ តួយ៉ាងដូចជាខ្សែភាពយន្ដមានចំណងជើងថា «សមរភូមិនៅបឹងចាងជីន ឬ The Battle at Lake Changjin» ជាដើមដែលនិយាយពីជ័យជម្នះ របស់កងទ័ពចិនលើកងទ័ពអាមេរិក នៅក្នុងសង្រ្គាមកូរ៉េ។

ចំណែកឯ នៅសហរដ្ឋអាមេរិកវិញ, ក្នុងឆ្នាំ២០២១នេះ ការស្ទង់មតិជាច្រើនបានបង្ហាញថាប្រជាជនអាមេរិក ៦៧ភាគរយមើលមកចិនក្នុងក្រសែភ្នែក «អវិជ្ជមាន» ធៀបទៅនឹង ឆ្នាំ២០១៨ មានតែ ៤៦ភាគរយប៉ុណ្ណោះ។ ការស្ទង់មិតកាលពីខែសីហា ឆ្នាំ២០២១នេះក៏បានបង្ហាញដែរថាប្រជាជនអាមេរិក ៥២ភាគរយគាំទ្រឱ្យកងទ័ពអាមេរិកលូកដៃចូលជួយ កោះតៃវ៉ាន់ នៅក្នុងករណីមានការវាយប្រហារពីចិន។ រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន ជឿជាក់យ៉ាងមុតមាំនៅក្នុងចិត្តថាចិនមានមហិច្ឆតាដណ្ដើមតំណែងជាមហាអំណាច យោធា និងសេដ្ឋកិច្ចលេខ១ នៅលើពិភពលោកពីសហរដ្ឋអាមេរិក ដែលនេះតម្រូវឱ្យអាមេរិកត្រូវតែចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់់។

មែនទែនទៅ សហរដ្ឋអាមេរិកខ្លួនឯងដឹងច្បាស់ជាងនរណាៗទាំងអស់ថា «ថ្ងៃដែលចិនវាយកាន់កាប់បានកោះតៃវ៉ាន់ដោយជោគជ័យ, វាក៏ជាថ្ងៃបិទបញ្ចប់ការគ្រប់គ្រងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាមេរិកផងដែរ»។ ដូច្នេះបើសង្រ្គាមផ្ទុះឡើងមែន, អាមេរិកមិនមែនត្រឹមតែជួយតៃវ៉ាន់ប៉ុណ្ណោះទេ តែអ្វីដែលអាមេរិកត្រូវតែជួយ នោះគឺអំណាចរបស់ខ្លួន នៅក្នុងតំបន់។ មកទល់នឹងពេលនេះ, សហរដ្ឋអាមេរិកនៅតែដើរតាម «យុទ្ធសាស្ត្រមិនឱ្យគេស្មានដឹងចិត្ត» ដោយមិននិយាយថានឹង ឬមិនធ្វើអន្តរាគមន៍យោធាចូលជួយតៃវ៉ាន់ នោះទេ ដើម្បីរារាំងកុំឱ្យចិនប្រើកម្លាំងយោធាលើតៃវ៉ាន់។ តែយ៉ាងណាក៏ដោយ, វានៅតែមានការព្រួយបារម្ភ ក្នុងចំណោមក្រុមមន្ត្រីអាមេរិកថាទីក្រុងប៉េកាំងអាចនឹងផ្លាស់ប្ដូរ ការគិតដោយយល់ថាអាមេរិកនឹងមិនចូលជួយតៃវ៉ាន់ឡើយ ហើយការយល់ឃើញបែបនេះគឺចិនយកការដួលរលំរបស់អាហ្វហ្កានីស្ថាន មកធ្វើជាឧទាហរណ៍។

កាលពីសប្ដាហ៍មុន, ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានព្រមានថាវាជាកំហុសឆ្គងដ៏ធំមួយសម្រាប់បណ្ដាប្រទេសដទៃ ដែលយកមេរៀនរបស់អាមេរិក នៅ អាហ្វហ្កានីស្ថានទៅធ្វើការសន្និដ្ឋានណាមួយ។ ការលើកឡើងបែបនេះរបស់លោក Sullivan បានឆ្លុះបញ្ចំងយ៉ាងច្បាស់ពីការព្រួយបារម្ភរបស់ទីក្រុងវ៉ាស៊ីនតោនថាចិនអាចនឹងធ្វើ ការសន្មត់ថាអាមេរិកនឹងមិនចូលជួយកោះតៃវ៉ាន់ ស្របពេលគំនិតយល់ថាចិនអាចនឹងឈ្នះសង្រ្គាមវាយយកកោះតៃវ៉ាន់ កាន់តែរីកដុះដាលនៅក្នុងទីក្រុងប៉េកាំង។ កោះតៃវ៉ាន់ ស្ថិតនៅចម្ងាយតែ ១៦១គីឡូម៉ែត្រប៉ុណ្ណោះពីតំបន់ឆ្នេររបស់ចិន ដែលទីតាំងភូមិសាស្ត្រនៅជិតបង្កើយនេះហាក់ដូចជាអំណោយផលដល់ចិនជាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត។ ពោលគឺ ចិនអាចបិទផ្លូវទឹកចេញចូល ហើយងាយស្រួលដាក់ពង្រាយកងកុម្ម៉ង់ដូរពិសេសដែលទទួលបន្ទុកធ្វើឱ្យប្រព័ន្ធមីស៊ីល ឬក៏ហេដ្ឋារចនាសម្ព័ន្ធនានារបស់តៃវ៉ាន់ គាំងដំណើរការណ៍ និងចាប់ខ្លួនថ្នាក់ដឹកនាំតៃវ៉ាន់ជាដើម។

គួរបញ្ជាក់ថា ខណៈសហរដ្ឋអាមេរិកដើរតាម «យុទ្ធសាស្ត្រមិនឱ្យគេស្មានដឹងចិត្ត», ចិនក៏បានអនុវត្តយុទ្ធសាស្ត្រនេះដូចគ្នាដែរដោយពេលខ្លះចិនព្រមានធ្វើសង្រ្គាម និងពេលខ្លះ ក៏ប្រើប្រាស់ភាសាការទូតទន់ភ្លន់អំពាវនាវឱ្យមានការបង្រួបបង្រួមជាតិជាមួយតៃវ៉ាន់ដោយសន្តិវិធី។ ធ្វើបែបនេះគឺចិនចង់ឱ្យអាមេរិក និងតៃវ៉ាន់ស្មានដោយខ្លួនឯងថាតើសង្រ្គាម នឹងផ្ទុះឡើង នៅពេលណា និងកើតឡើងយ៉ាងដូចម្ដេច? យុទ្ធសាស្ត្របែបនេះបានបង្ហាញយ៉ាងច្បាស់តាមរយៈការបដិសេធរបស់ចិន ក្នុងការភ្ជាប់ខ្សែទូរស័ព្ទបន្ទាន់ជាមួយយោធា អាមេរិក ដោយចិនចង់ឱ្យសហរដ្ឋអាមេរិកស្មានដោយខ្លួនឯងដូចគ្នា៕

ប្រភព៖ Financial Times (ថ្ងៃអង្គារ ទី១២ ខែតុលា ឆ្នាំ២០២១)