(ហ៊ូស្តុន)៖ អភិបាលរដ្ឋតិចសាស់ (Texas) លោក ហ្គ្រេត អាប់បុត (Greg Abbott) នៅថ្ងៃចន្ទសប្ដាហ៍នេះ បានចេញបទបញ្ជាប្រតិបត្តិមួយ ដែលហាមឃាត់មិនឱ្យមានការដាក់ចេញ នូវកាតព្វកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សម្រាប់និយោជិកឬអតិថិជន នៃអង្គភាពទាំងអស់នៅក្នុងរដ្ឋ រួមទាំងអាជីវកម្មឯកជន នៅទូទាំងរដ្ឋដ៏ធំជាងគេទី២ របស់សហរដ្ឋអាមេរិកមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃអង្គារ ទី១២ ខែតុលា ឆ្នាំ២០២១។

លោក Greg Abbott បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «វ៉ាក់សាំងបង្ការជំងឺ COVID-19 គឺមានសុវត្ថិភាព ប្រសិទ្ធភាព និងការការពារដ៏ល្អបំផុតរបស់យើង ប្រឆាំងនឹងជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ ប៉ុន្តែគួរតែត្រូវចាក់ជូនសម្រាប់តែ អ្នកស្ម័គ្រចិត្តប៉ុណ្ណោះ មិនត្រូវមានការបង្ខិតបង្ខំឡើយ»

តាមរយៈបទបញ្ជាខាងលើ គ្មានអង្គភាពណាមួយនៅក្នុងរដ្ឋតិចសាស់ អាចបង្ខំនរណាម្នាក់ឱ្យមកទទួលការចាក់វ៉ាក់សាំង ក្រោមហេតុផលណាមួយឡើយ។ ប្រសិនបើមានអ្នកមិនគោរពតាមបទបញ្ជានេះ នឹងត្រូវផាកពិន័យជាទឹកប្រាក់ចំនួន ១,០០០ដុល្លាអាមេរិក។

បទបញ្ជានេះ បានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីខែមុន បានប្រកាសឱ្យមានការដាក់ចេញ នូវកាតព្វកិច្ចចាក់វ៉ាក់សាំង ដែលតម្រូវឱ្យក្រុមហ៊ុនដែលមាននិយោជិកចំនួន ១០០នាក់ ឬច្រើនជាងនេះត្រូវធានាថា កងកម្លាំងការងាររបស់ពួកគេ ត្រូវបានទទួលការចាក់វ៉ាក់សាំងរួចរាល់ ឬធ្វើតេស្តយ៉ាងទៀងទាត់។

គួរបញ្ជាក់ថា បើតាមរបាយការណ៍ពីសារព័ត៌មាន The Texas Tribune ប្រហែល ៥២ភាគរយនៃប្រជាជនរស់នៅរដ្ឋតិចសាស់ រួមទាំងលោកអភិបាលរដ្ឋ បានទទួលការចាក់វ៉ាក់សាំងពេញលេញ (ចំនួន ០២ដូស) រួចរាល់៕