(អាតែន)៖ នៅថ្ងៃអង្គារនេះ គ្រោះរញ្ជួយផែនដីកម្រិត ៦.៣រ៉ិចទ័រ បានអង្រួនដែនកោះគ្រីត (Crete) ដែលជាកោះធំមួយ នៅភាគខាងត្បូងនៃ ប្រទេសក្រិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃអង្គារ ទី១២ ខែតុលា ឆ្នាំ២០២១។

អាជ្ញាធប្រទេសក្រិកបានឲ្យដឹងថា ចំណុចរញ័រនៃគ្រោះរញ្ជួយដីខាងលើ ស្ថិតនៅក្រោមបាតសមុទ្រត្រង់ចំណុចភាគអាគ្នេយ៍ នៃកោះគ្រីត។ ភ្លាមៗបែបនេះ ពុំទាន់មានសេចក្តីរាយការណ៍ណាមួយ ដែលបញ្ជាក់អំពីមនុស្សរងគ្រោះថ្នាក់ ឬក៏ទំហំនៃការបំផ្លិចបំផ្លាញ ដែលអាចបង្កឡើងដោយ បាតុភូតរញ្ជួយដីនៅឡើយទេ។

គួរបញ្ជាក់ថា ហេតុការណ៍ខាងលើ បានកើតមានឡើង បន្ទាប់ពី៣សប្តាហ៍មុន បុរសម្នាក់បានបាត់បង់ជីវិត និងសំណង់អគាររាប់រយខ្នង បានរងការខូចខាត ដោយសារគ្រោះរញ្ជួយដីកម្រិត៥.៨រ៉ិចទ័រ ដែលបានវាយប្រហារកោះគ្រីតដូចគ្នា៕