(វ៉ាស៊ីនតោន)៖ ខណៈភាពតានតឹងពាក់ព័ន្ធនឹងកោះតៃវ៉ាន់ កាន់តែឡើងកម្ដៅនោះ, ប្រទេសចិន និងសហរដ្ឋអាមេរិកត្រូវបានគេមើលឃើញថា កំពុងសម្លឹងមើលគ្នាដោយប្រុងប្រយ័ត្ន ដើម្បីពិចារណាថាតើត្រូវធ្វើបែបណា ដើម្បីអាចគ្រប់គ្រងទំនាក់ទំនងរវាងប្រទេសទាំង ២ ដែលសុទ្ធតែមានអាវុធនុយក្លេអ៊ែរនៅក្នុងដៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅរសៀលថ្ងៃអង្គារ ទី១២ ខែតុលា ឆ្នាំ២០២១។

នៅក្នុងចំណោមភាពតានតឹងរវាងអាមេរិក និងចិន កោះតៃវ៉ាន់គឺជាសំណុំរឿងដ៏រសើបបំផុតមួយ ដែលអ្នកជំនាញភាគច្រើនជឿជាក់ថា អាចនឹងបង្កទៅជម្លោះយោធារវាងមហាអំណាចទាំង ២ នៅពេលអនាគត។ កាលពីសប្ដាហ៍មុន ចិនបានបញ្ជូនយន្ដហោះចម្បាំងរាប់សិបគ្រឿង ចូលទៅកាន់តំបន់ការពារដែនការពារអាកាស កំណត់ដោយកោះតៃវ៉ាន់ ដែលបានធ្វើឱ្យរដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ព្យាករថា ជារឿងមិនធ្លាប់មានជាង ៤០ឆ្នាំមកនេះ ហើយចិនអាចនឹងបើកការវាយលុកទ្រង់ទ្រាយនៅឆ្នាំ២០២៥។

តែយ៉ាងណាក៏ដោយ, លោកស្រី អូរៀណា ស្កាយឡា ម៉ាស្ត្រូ (Oriana Skylar Mastro) ជាអ្នកជំនាញម្នាក់មកពីសាកលវិទ្យាល័យ ស្ទែនហ្វដ (Stanford) រដ្ឋកាលីហ្វ័រញ៉ា និងវិទ្យាស្ថានសិក្សាអាមេរិកាំង (American Enterprise) បាននិយាយថា ការបញ្ជូនយន្ដហោះចម្បាំងរបស់ចិន ចូលក្នុងដែនការពារអាកាសតៃវ៉ាន់ ទំនងមិនមែនជាការត្រៀមលក្ខណៈធ្វើសង្រ្គាម ក្នុងរយៈពេលដ៏ខ្លីខាងមុខនោះទេ តែវាគឺជាការបញ្ជូនសារដែលចិន ចង់ផ្ញើទៅកាន់កោះតៃវ៉ាន់ ឬអាមេរិក។
អ្នកជំនាញខាងលើបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ទំាងនេះគឺជាសារមួយដែលចិនចង់ប្រាប់តៃវ៉ាន់ថា គ្មាននរណាអាចមកជួយពួកគេបាននោះទេ, ហើយវា ក៏អាចជាសារមួយដែលចិនចង់ប្រាប់សម្ព័ន្ធភាពត្រីភាគី A-UK-US របស់សហរដ្ឋអាមេរិក ឬប្រទេសជប៉ុនផងដែរថា គ្មានអ្វីមកផ្លាស់ប្ដូរគោលជំហររបស់ចិនបានទេ នោះគឺកោះតៃវ៉ាន់ត្រឹមតែជាខេត្តមួយរបស់ចិនប៉ុណ្ណោះ»

គួរបញ្ជាក់ថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង កាលពីសប្ដាហ៍មុនបានបញ្ជាក់ជាថ្មីថា ចិននឹងបង្រួបបង្រួមជាតិ ជាមួយកោះតៃវ៉ាន់ដោយសន្តិវិធី ដែលលោកផ្ទាល់យល់ថា ជាប្រយោជន៍ជាតិមួយសម្រាប់ប្រជាជនតៃវ៉ាន់ទាំងមូល។ ប៉ុន្តែជាការឆ្លើយតប ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៉ីងវិន (Tsai Ing-wen) បាននិយាយថា នឹងមិនចុះញ៉មចំពោះការដាក់សម្ពាធរបស់ចិននោះឡើយ ហើយតៃវ៉ាន់នឹងបន្តប្រឹងប្រែង ពង្រឹងសមត្ថភាពការពារខ្លួន ដើម្បីកុំឲ្យដែនកោះនេះអាចត្រូវបង្ខិតបង្ខំ រហូតដល់ព្រមទទួលយកអនាគត ដែលចិនបានរៀបចំទុកឲ្យ ខណៈលោកស្រីបានសង្កត់ធ្ងន់ទៀតថា អនាគតនោះនឹងពុំមានសិទ្ធិសេរីភាព ឬប្រជាធិបតេយ្យនោះឡើយ៕