(យូអិន)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូធឺរែស (Antonio Guterres) នៅថ្ងៃចន្ទសប្ដាហ៍នេះ បានថ្កោលទោសយ៉ាងខ្លាំង ទៅលើការមិនគោរពតាមកិច្ចសន្យារបស់ក្រុមតាលីបង់ចំពោះស្ត្រី និងក្មេងស្រីអាហ្វហ្គានីស្ថាន ហើយបានជំរុញឱ្យពិភពលោក បរិច្ចាគថវិកាបន្ថែមដល់ប្រទេសអាហ្វហ្គានីស្ថាន ដើម្បីកាត់បន្ថយការដួលរលំសេដ្ឋកិច្ចរបស់ប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១២ ខែតុលា ឆ្នាំ២០២១។

ការថ្កោលទោសដូចខាងលើរបស់ប្រមុខ UN បានកើតឡើងបន្ទាប់ពីមានកិច្ចចរចាទល់មុខគ្នាលើកដំបូង រវាងសហរដ្ឋអាមេរិក និងក្រុមតាលីបង់ ចាប់តាំងពីប្រទេសអាហ្វហ្គានីស្ថាន បានធ្លាក់ក្រោមការកាន់កាប់របស់ក្រុមតាលីបង់ ហើយបើតាមក្រសួងការបរទេសអាមេរិក បញ្ហាសិទ្ធិស្ត្រី ក៏ត្រូវបានលើកឡើង កំលុងជំនួបនោះផងដែរ។

លោក Antonio Guterres បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា «ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលបានឃើញការសន្យារបស់ក្រុមតាលីបង់ ចំពោះស្ត្រ និងក្មេងស្រីអាហ្វហ្គានីស្ថាន មិនត្រូវបានគោរពតាម។ ខ្ញុំសូមទទូចជាខ្លាំងដល់ ក្រុមតាលីបង់ ឱ្យរក្សាពាក្យសន្យារបស់ពួកគេ ចំពោះស្ត្រី និងក្មេងស្រី ព្រមទាំងបំពេញកាតព្វកិច្ចរបស់ពួកគេ ក្រោមច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ»

លោក Antonio Guterres បាននិយាយថា UN នឹងមិនបោះបង់ចោលបញ្ហានេះទេ ហើយលោកបាននិយាយបន្ថែមថា UN កំពុងពិភាក្សាគ្នាបញ្ហានេះជារៀងរាល់ថ្ងៃ ជាមួយក្រុមតាលីបង់ដែលបានកាន់អំណាច ចាប់តាំងពីពាក់កណ្តាលខែសីហា ឆ្នាំ២០២១ តែភាពស្របច្បាប់ក្នុងនាមជារដ្ឋាភិបាល នៅតែមិនទាន់ត្រូវបានទទួលស្គាល់ជាអន្តរជាតិឡើយ។

ប្រមុខអង្គការសហប្រជាជាតិរូបនេះ បានព្រមានថា «៨០ភាគរយនៃសេដ្ឋកិច្ចអាហ្វហ្កានីស្ថាន គឺមានលក្ខណៈក្រៅប្រព័ន្ធ ដោយមានស្ត្រីដើរតួនាទីយ៉ាងសំខាន់។ បើមិនមានពួកគេទេ ក៏គ្មានផ្លូវដែលសេដ្ឋកិច្ច និងសង្គមអាហ្វហ្កានីស្ថាន នឹងងើបឡើងវិញដែរ»