(ឃុនមីង)៖ កិច្ចប្រជុំលើកទី១៥ នៃសន្និសីទភាគីនៃអនុសញ្ញាស្តីពីជីវៈចម្រុះ ដែលត្រូវបានគេស្គាល់ថា COP15 បានចាប់ផ្តើមធ្វើឡើងនៅរសៀលថ្ងៃចន្ទនេះ នៅទីក្រុងឃុនមីង (Kunming) នៃខេត្តយូណាន (Yunnan) ភាគនិរតីប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១។

ក្រោមប្រធានបទ «អរិយធម៌អេកូឡូស៉ី៖ ការកសាងអនាគតរួមគ្នាសម្រាប់ជីវិតទាំងអស់នៅលើផែនដី» COP15 គឺជាសន្និសីទសកលលើកដំបូងគេបង្អស់ ដែលត្រូវបានរៀបចំឡើងដោយអង្គការសហប្រជាជាតិ (UN) ដោយផ្តោតលើអរិយធម៌អេកូឡូស៉ី ក្រោមសំណើរបស់ប្រទេសចិន។

កិច្ចប្រជុំនេះត្រូវប្រារព្ធធ្វើឡើងជាពីរផ្នែក។ ក្នុងនោះផ្នែកទី១ ត្រូវធ្វើឡើងចាប់ពីថ្ងៃទី១១-១៥ ខែតុលា ទាំងតាមប្រព័ន្ធអ៉ីនធើណែត និងនៅកន្លែងផ្ទាល់។ វាត្រូវបានគេរំពឹងថា នឹងផ្តោតលើការអភិវឌ្ឍន៍ក្របខណ្ឌជីវចម្រុះសកលក្រោយឆ្នាំ២០២០ ដើម្បីណែនាំសកម្មភាពអភិរក្ស នៅទូទាំងពិភពលោករហូតដល់ឆ្នាំ២០៣០។

អ្នកចូលរួមជាង ១,៨០០នាក់ នឹងប្រមូលផ្តុំគ្នានៅវេទិកាមួយស្តីពីអរិយធម៌អេកូឡូស៊ី ដែលជាព្រឹត្តិការណ៍ក្រៅផ្លូវការ ដែលគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែតុលា ហើយនឹងគ្របដណ្តប់លើប្រធានបទជាច្រើន រួមមានការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងការការពារ និងការស្តារប្រព័ន្ធអេកូឡូស៊ីផ្អែកលើធម្មជាតិជាដើម។

សម្រាប់ផ្នែកទី២ គ្រោងនឹងធ្វើឡើងកន្លែងផ្ទាល់ ក្នុងឆមាសទី១ នៃឆ្នាំ២០២២ខាងមុខនេះ ហើយត្រូវបានគេរំពឹងថា នឹងមើលឃើញការសម្រេជាស្ថាពរ និងការអនុម័តលើ ក្របខណ្ឌជីវៈចម្រុះសកលក្រោយឆ្នាំ២០២០ ដែលប្រកបដោយមហិច្ឆតា និងប្រសិទ្ធភាព។

គួរបញ្ជាក់ថា ប្រទេសចិនស្ថិតក្នុងចំណោមប្រទេសដំបូងគេបង្អស់ ដែលបានក្លាយជាភាគីនៃអនុសញ្ញាស្តីពីជីវៈចម្រុះ ដែលបានចូលជាធរមាននៅឆ្នាំ១៩៩៣។ បច្ចុប្បន្នអនុសញ្ញានេះ មានភាគីចំនួន១៩៦ ហើយសន្និសីទភាគី គឺជាយន្តការខ្ពស់បំផុតសម្រាប់ការពិភាក្សា និងការសម្រេចចិត្តលើអនុសញ្ញានេះ៕