(ហ្គាហ្សា)៖ ទីភ្នាក់ងារផ្ដល់ជំនួយអង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បានព្រមានកាលពីពេលថ្មីៗនេះថា ការខ្វះខាតថវិកាប្រមាណ ១២០លានដុល្លារអាមេរិក បានជះឥទ្ធិពលដល់ទីភ្នាក់ងាររបស់ខ្លួន ក្នុងការផ្ដល់សេវាកម្មមនុស្សធម៌នៅឆ្នាំ២០២១នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១។

លោក អេដណាន អាប៊ូ ហេស្នា (Adnan Abu Hasna) ទីប្រឹក្សារបស់ UNRWA នៅក្នុងតំបន់ហ្គាហ្សាស្រ្ទីព (Gaza) បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា «UNRWA កំពុងខ្វះខាតផ្នែកហិរញ្ញវត្ថុប្រហែល ១២០លានដុល្លារអាមេរិក ដែលជាចំនួនដ៏ចាំបាច់បំផុត ដើម្បីបំពេញតម្រូវការជនភៀសខ្លួនប៉ាឡេស្ទីន នៅក្នុងតំបន់ប្រតិបត្តិការចំនួន ៥ របស់ UNRWA។ សេវាកម្មមនុស្សធម៌របស់យើង ដែលត្រូវផ្តល់សម្រាប់ជនភៀសខ្លួន នឹងមានការរាំងស្ទះ ប្រសិនបើយើងមិនទទួលបានមូលនិធិ ដែលត្រូវការនៅចុងឆ្នាំ២០២១នេះទេ រួមមាន ២០លានដុល្លារអាមេរិកសម្រាប់ខែតុលា និង ១០០លានដុល្លារអាមេរិកសម្រាប់ខែវិច្ឆិកា និងខែធ្នូ»។

គួរបញ្ជាក់ថា ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ១៩៤៩ ទីភ្នាក់ងារ UNRWA បានផ្តល់សេវាកម្មមនុស្សធម៌សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីនចំនួន ៥.៦លាននាក់ដែលរស់នៅក្នុងជំរុំជនភៀសខ្លួន នៅតំបន់ Gaza, វែសត៍ ប៊ែង (West Bank), ប្រទេសលីបង់ (Lebanon), ប្រទេសហ្សកដានី (Jordan) និងប្រទេសស៊ីរី (Syria) ក្នុងវិស័យមួយចំនួនដូចជា ការអប់រំ ការថែទាំសុខភាព សេវាកម្មសង្គ្រោះក្នុងសហគមន៍ និងហេដ្ឋារចនាសម្ព័ន្ធនៃជំរុំស្នាក់នៅជាដើម៕