(ទ្រីប៉ូលី)៖ បណ្ដាស្ថានទូតនៃប្រទេសលោកខាងលិច នៅក្នុងប្រទេសលីប៊ី បានបង្ហាញការស្វាគមន៍ចំពោះផែនការសកម្មភាពគ្រប់ជ្រុងជ្រោយមួយ ដែលត្រូវបានចុះហត្ថលេខាកាលពីពេលថ្មីៗនេះ ដោយគណៈកម្មយោធាចម្រុះ 5+5 (JMC) ដើម្បីដកកងទ័ពបរទេសទាំងអស់ ចេញពីប្រទេសអាហ្វ្រិកខាងជើងមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១។

បណ្តាស្ថានទូតដែលគាំទ្រគំនិតផ្ដួចផ្ដើមខាងលើ ក្នុងនោះរួមមានស្ថានទូតបារាំង, អាល្លឺម៉ង់, អ៉ីតាលី, ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកប្រចាំប្រទេសលីប៊ី រួមជាមួយ បេកសកជនពិសេស និងប្រមុខបេសកកម្មអង្គការសហប្រជាជាតិ (UN) នៅក្នុងប្រទេសលីប៊ី លោក ចេន គូប៊ីស (Jan Kubis) ផងដែរ។

ស្ថានទូតទាំងឡាយបានសង្កត់ធ្ងន់លើការគាំទ្ររបស់ពួកគេ ចំពោះយន្តការត្រួតពិនិត្យបទឈប់បាញ់របស់លីប៊ី ក្រោមការដឹកនាំរបស់ JMC និងគូសបញ្ជាក់ពីតម្រូវការនៃការដកហូតអាវុធ និងការធ្វើសមាហរណកម្មឡើងវិញ នៃក្រុមប្រដាប់អាវុធ និងតួអង្គប្រដាប់អាវុធទាំងអស់ ដែលមិនពាក់ព័ន្ធនឹងរដ្ឋាភិបាលលីប៊ី ដើម្បីឈានទៅធ្វើកំណែទម្រង់វិស័យសន្តិសុខ និងបង្កើតការរួបរួមគ្នាឡើងវិញ ប្រកបដោយភាពទទួលខុសត្រូវ ដោយទុកឲ្យរដ្ឋាភិបាលស៊ីវិលលីប៊ី ជាអ្នកដឹកនាំផ្នែកសន្តិសុខ នៅក្នុងប្រទេសអាហ្វ្រិកខាងលិចមួយនេះវិញ។

បន្ថែមពីនេះ នៅក្នុងសេចក្តីថ្លែងការណ៍រួម នៃតំណាងប្រទេសលោកខាងលិចទាំងនេះ ក៏បានប្តេជ្ញាបន្តអនុវត្តដំណោះស្រាយពីមុនរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ក្នុងការហាមឃាត់ការលក់អាវុធ ទៅដល់លីប៊ីផងដែរ និងអំពាវនាវឲ្យប្រទេសផ្សេងៗទៀតធ្វើដូចគ្នា។

គួរបញ្ជាក់ថា ផែនការដកកងទ័ពបរទេសចេញពីប្រទេសលីប៊ី ធ្វើឡើងស្របទៅតាមដំណោះស្រាយរបស់ UNSC លេខ ២៥៧០ ដែលបានអំពាវនាវភាគីលីប៊ី និងភាគីបរទេស «អនុវត្តបទឈប់បាញ់មួយ» ដែលត្រូវបានអនុម័តកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ដើម្បីត្រួសត្រាយផ្លូវដកកងទ័ពបរទេស និងទាហានស៊ីឈ្នួលទាំងអស់ចេញពីប្រទេសលីប៊ី៕