(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បាននិយាយថាជំនួបទល់មុខរវាងក្រុមមន្ត្រីជាន់ខ្ពស់អាមេរិក និងតាលីបង់បានប្រព្រឹត្តទៅប្រកបដោយភាពស្មោះត្រង់ និងវិជ្ជាជីវៈ តែក្រុមតាលីបង់នឹងត្រូវបានវិនិច្ឆយដោយសកម្មភាពរបស់ពួកគេ មិនមែនត្រឹមតែពាក្យសម្ដីនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនចេញផ្សាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ទៀតថានៅក្នុងកិច្ចប្រជុំនៅឯទីក្រុង ដូហា ប្រទេសកាតា ក្រុមប្រតិភូអាមេរិកបានផ្ដោតជាសំខាន់លើសន្តិសុខ, ការព្រួយបារម្ភពីសកម្មភាពភេរវកម្ម, ការធានាសុវត្ថិភាពឱ្យពលរដ្ឋអាមេរិក, ជនបរទេស និងជនជាតិអាហ្វហ្កានីស្ថានអាចចាកចេញពីប្រទេសនេះដោយសុវត្ថិភាព ព្រមទាំងបញ្ហាសិទ្ធិមនុស្សក្នុងនោះរួមមានទាំងការគោរពសិទ្ធិស្ត្រី និងកុមារីផងដែរ។

គួរបញ្ជាក់ថា បើតាមក្រុមមន្ត្រីអាមេរិក, ពលរដ្ឋអាមេរិក ជនបរទេស និងជនជាតិអាហ្វហ្កានីស្ថានដែលធ្លាប់បម្រើការឱ្យកងទ័ពអាមេរិក កំពុងស្ថិតនៅក្នុងប្រទេស អាហ្វហ្កានីស្ថាននៅឡើយ ចាប់តាំងពីសហរដ្ឋអាមេរិក និងអង្គការ NATO បានដកកងទ័ពរបស់ខ្លួនទាំងអស់ចេញកាលពីថ្ងៃទី៣១ ខែសីហាមក។ អាមេរិក និងបណ្ដា ប្រទេសលោកខាងលិច មិនបានទទួលស្គាល់រដ្ឋាភិបាលតាលីបង់នោះទេ តែអះអាងថានឹងធ្វើការជាមួយតាលីបង់នៅក្នុងករណីចាំបាច់៕