(ប៉េកាំង)៖ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាតាមទូរស័ព្ទ ជាមួយលោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន ដោយបានលើកឡើងថា ប្រទេសចិនសូមកោតសរសើរចំពោះរដ្ឋាភិបាលថ្មីរបស់ជប៉ុន ដែលបានយកចិត្តទុកដាក់ដល់ ការរក្សាការប្រាស្រ័យទាក់ទងជាន់ខ្ពស់រវាងប្រទេសទាំងពីរ ប្រទេសចិនរីករាយបង្កើនកិច្ចសន្ទនា និងកិច្ចសហប្រតិបតិ្តការជាមួយជប៉ុន ក្នុងន័យជំរុញឱ្យបង្កើតទំនាក់ទំនងរវាងចិននិងជប៉ុន ដែលសមស្របនឹងតម្រូវការនៃយុគសម័យថ្មី តាមរយៈស្មារតីចាត់ទុកប្រវត្តិសាស្ត្រជាមេរៀន ដើម្បីត្រួសត្រាយអនាគតដ៏ល្អបវរ។ លោក Fumio Kishida ក៏បានថ្លែងថា ក្នុងស្ថានការណ៍អន្តរជាតិនិងតំបន់បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងជប៉ុននិងចិនបាននិងកំពុងឈានចូលយុគសម័យថ្មី។

នេះជាការជួបពិភាក្សាតាមទូរស័ព្ទទាន់ពេលវេលា និងមានសារៈសំខាន់ក្រៃលែងមួយលើក។ វាច្បាស់ណាស់ថា ក្នុងបរិបទបច្ចុប្បន្នដែលពិភពលោក បាននិងកំពុងស្ថិតក្នុងភាពបម្រែបម្រួលដ៏ខ្លាំង និងការរីករាលដាលនៃជំងឺឆ្លងដែលមិនធ្លាប់មាន ក្នុងរយៈពេល១រយឆ្នាំ តើចិននិងជប៉ុនធ្វើយ៉ាងណាទើបអាចក្តាប់ជាប់ឱកាស និងពុះពារឧបសគ្គ ប្រការនេះមិនត្រឹមតែពាក់ព័ន្ធដល់ ផលប្រយោជន៍និងសុខសុភមង្គល របស់ប្រជាជននៃប្រទសេទាំងពីរបុណ្ណោះទេ ថែមទាំងក៏ពាក់ព័ន្ធដល់សន្តិភាព និងការអភិវឌ្ឍរបស់អាស៊ី រហូតដល់ពិភពលោកផងដែរ។

ថ្លែងក្នុងកិច្ចជំនួបតាមទូរស័ព្ទ លោក Xi Jinping បានលើកឡើងគំនិតផ្តួចផ្តើមដ៏សំខាន់ ដែលបានចង្អុលបង្ហាញយ៉ាងច្បាស់ នូវទិសដៅសម្រាប់បង្កើតទំនាក់ទំនងរវាងចិននិងជប៉ុន ដែលសមសម្របនឹងតម្រូវការយុគសម័យថ្មី ។

ជាបឋម គួរតែគោរពគោលការណ៍គ្រប់ចំណុច ដែលត្រូវបានកំណត់ក្នុងឯកសារនយោបាយចំនួន៤ រវាងចិននិងជប៉ុន អនុវត្តយ៉ាងប្រាកដប្រជា នូវគំនិតឯកភាពរួមខាងនយោបាយ ពោលគឺ «ធ្វើជាដៃគូសហប្រតិបតិ្តការគ្នាទៅវិញទៅមក មិនបង្កជាការគំរាមកំហែងទៅវិញទៅមក»។ ព្រមពេលជាមួយគ្នានេះ ភាគីទាំងពីរចិននិងជប៉ុនត្រូវបង្កើនការផ្លាស់ប្តូរ ខាងអភិបាលកិច្ចនិងការសម្របសម្រួលគោលនយោបាយសេដ្ឋកិច្ច ក្នុងន័យរួមគ្នាគាំពារបរិយាកាសពាណិជ្ជកម្ម និងវិនិយោគដែលប្រកបដោយភាពបើកទូលាយនិងយុត្តិធម៌។

ក្រៅពីនេះ ភាគីទាំងពីរចិននិងជប៉ុនគួរតែអនុវត្តពហុភាគីនិយមយ៉ាងពិតប្រាកដ ដើម្បីគាំពារការអភិវឌ្ឍដោយសន្តិភាព និងស្ថិរភាពរបស់ពិភពលោក។ ដូចពាក្យសំដីរបស់លោក Kumiko Haba សាស្ត្រាចារ្យរបស់សកលវិទ្យាល័យ Aoyama Gakuinដែលបានលើកឡើងនាពេលថ្មីៗកន្លងទៅនេះថា ប្រទេសអាស៊ីមិនត្រូវធ្លាក់ក្នុង អន្ទាក់របស់អាមេរិកនោះទេ ជប៉ុនគួរតែផ្តល់ការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់អាស៊ី។

សូមបញ្ជាក់ថា ឆ្នាំក្រោយជាខួបទី៥០ នៃការស្តារទំនាក់ទំនងការទូតរវាងចិននិងជប៉ុន ឱ្យមានភាពប្រក្រតីឡើងវិញ ពេលជួបពិភាក្សាតាមរយៈទូរស័ព្ទ អ្នកដឹកនាំនៃប្រទេសទាំងពីរសុទ្ធតែគូសបញ្ជាក់ថា ត្រូវចាត់ទុកឆ្នាំក្រោយជាកាលានុវត្តភាព ក្នុងន័យត្រួសត្រាយអនាគតអភិវឌ្ឍន៍ថ្មី នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោក Xi Jinping បានគូសបញ្ជាក់ទៀតថា គួរ «រំលឹកឡើងវិញនូវគោលបំណងដើម និងដើរទៅកាន់ទិសដៅតែមួយ»។ គោលបំណងដើមគឺអ្វី? លោក Fumio Kisida នាយករដ្ឋមន្ត្រីជប៉ុនដែលធ្លាប់កាន់មុខតំណែងជា រដ្ឋមន្ត្រីការបរទេសជប៉ុនគឺដឹងច្បាស់ណាស់។

មជ្ឈដ្ឋានខាងក្រៅបានចាប់អារម្មណ៍ថា ក្នុងកិច្ចជំនួបតាមរយៈទូរស័ព្ទ លោក Fumio Kisida បានថ្លែងថា ភាគីទាំងពីរជប៉ុននិងចិនគួរតែគ្រប់គ្រង ការខ្វែងគំនិតតាមរយៈកិច្ចសន្ទនា។ នៅថ្ងៃដដែល ពេលថ្លែងសុន្ទរកថាស្តីពីអភិបាលកិច្ចជាលើកដំបូង លោកក៏បានប្រកាសថា នឹងបន្តធ្វើកិច្ចសន្ទនាជាមួយប្រទេសចិន ដើម្បីធ្វើកិច្ចសហប្រតិបតិ្តការលើវិស័យជាច្រើន។ អ្នកផងទាំងពួងរំពឹងថា ជប៉ុនមិនមែនបង្ហាញចិត្តស្មោះតាមតែមាត់នោះទេ តែគឺត្រូវបង្ហាញពីចិត្តស្មោះក្នុងការអនុវត្តជាក់ស្តែង។

ប្រការនេះមិនត្រឹមតែសមស្របនឹងផលប្រយោជន៍មូលដ្ឋាន នៃប្រជាជននិងប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងក៏មានអំណោយផលដល់សន្តិភាព ស្ថិរភាពនិងវិបុលភាពរបស់អាស៊ី រហូតដល់ពិភពលោកផងដែរ៕