(ដូហា)៖ តាលីបង់កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ បានព្រមានសហរដ្ឋអាមេរិក ប្រឆាំងនឹងការព្យាយាមបង្កអស្ថិរភាព ចំពោះរបបដឹកនាំរបស់ខ្លួន កំលុងជំនួបទល់មុខគ្នាលើកដំបូង ចាប់តាំងពីការដកខ្លួនរបស់អាមេរិក ចេញពីប្រទេសអាហ្វហ្កានីស្ថាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១០ ខែតុលា ឆ្នាំ២០២១។

ប្រតិភូរបស់តាលីបង់បានប្រាប់ក្រុមមន្រ្តីអាមេរិក នៅឯទីក្រុងដូហានៃប្រទេសកាតាថា ការប៉ុនប៉ងធ្វើឲ្យរដ្ឋាភិបាលតាលីបង់ចុះទន់ខ្សោយ អាចបង្កបញ្ហាធំសម្រាប់ប្រជាជនអាហ្វហ្កានីស្ថាន។ ក្រោយកិច្ចពិភាក្សាក្នុងជំនួបថ្ងៃដំបូង រដ្ឋមន្រ្តីការបរទេសតាលីបង់ លោក អាមៀរ ខាន់ មូតាគី (Ameer Khan Muttaqi) បានឲ្យដឹងយ៉ាងដូច្នេះថា៖ «យើងបានបញ្ជាក់ប្រាប់ពួកគេយ៉ាងច្បាស់ថា ការព្យាយាមបង្កអស្ថិរភាពចំពោះ រដ្ឋាភិបាលតាលីបង់នៅអាហ្វហ្កានីស្ថាន គឺមិនមែនជារឿងល្អសម្រាប់នរណាម្នាក់ឡើយ។ ទំនាក់ទំនងល្អជាមួយអាហ្វហ្កានីស្ថាន ទើបវាប្រសើរសម្រាប់ទាំងអស់គ្នា»

គួរបញ្ជាក់ថា ក្រោយឡើងគ្រប់គ្រងអំណាច ឥឡូវតាលីបង់កំពុងស្វែងរក ការទទួលស្គាល់ជាផ្លូវការពីអន្តរជាតិ រួមជាមួយនិងជំនួយផងដែរ ដើម្បីបញ្ចៀសគ្រោះមហន្តរាយផ្នែកមនុស្សធម៌ និងបន្ធូរបន្ថយវិបត្តិសេដ្ឋកិច្ច នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន។ សម្រាប់ជំនួបទល់មុខគ្នាខាងលើ គឺនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យនេះមួយថ្ងៃទៀត។

ប្រតិភូអាមេរិកត្រូវគេរំពឹងថា នឹងដាក់សម្ពាធឲ្យតាលីបង់ផ្តល់ការធានាថា ក្រុមភេរវករមិនអាចបង្កើតមូលដ្ឋាន សម្រាប់ធ្វើសកម្មភាពវាយប្រហារនៅអាហ្វហ្កានីស្ថានបាន ហើយនឹងជំរុញឲ្យតាលីបង់បង្កើតរដ្ឋាភិបាលដែលមានភាពចម្រុះ ព្រមទាំងគោរពសិទ្ធិស្រ្តីនិងក្មេងស្រី៕