(កាប៊ុល)៖ ប្រធានឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) លោក ហ្វីលីពផូ ហ្គ្រែនឌី (Filippo Grandi) បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថាមានតែមួយភាគបីប៉ុណ្ណោះនៃមូលនិធិដែលអង្គការសហប្រជាជាតិ (UN) បានស្នើសុំជាបន្ទាន់សម្រាប់ប្រទេសអាហ្វហ្គានីស្ថាន ដែលត្រូវបានគេផ្ដល់ឱ្យ ជាមួយការព្រមានអំពីមហន្តរាយមនុស្សធម៌ដែលអាចកើតមានឡើង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃសៅរ៍ ទី០៩ ខែតុលា ឆ្នាំ២០២១។

លោក Filippo Grandi បានជំរុញឱ្យប្រទេសម្ចាស់ជំនួយគោរពតាមកិច្ចសន្យាហិរញ្ញវត្ថុរបស់ពួកគេយ៉ាងឆាប់រហ័សដោយនិយាយថា «សូមអ្នកគោរពតាមកិច្ចសន្យា របស់អ្នកយ៉ាងម៉ឺងម៉ាត់នៅកន្លែងដែលត្រូវការចាំបាច់ភ្លាមៗ។ កិច្ចសន្យាត្រូវបានធ្វើឡើងរួចហើយ ដូច្នេះអ្វីដែលជាបញ្ហាគឺត្រូវការផ្តល់ទឹកប្រាក់ឱ្យពួកគេ ពីព្រោះយើងត្រូវការធនធានទាំងនោះយ៉ាងឆាប់រហ័ស»។

នៅថ្ងៃទី១៧ ខែកញ្ញា ពោលគឺរយៈពេលជាងមួយខែបន្ទាប់ពីការដួលរលំទីក្រុងកាប៊ុល (Kabul) ប្រទេសអាហ្វហ្គានីស្ថាន កិច្ចប្រជុំរដ្ឋមន្ត្រីមួយដែលបានធ្វើឡើងនៅ ទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស ដែលដឹកនាំដោយអគ្គលេខាធិការ UN លោក អាន់តូនីញ៉ូ ហ្គូធឺរែស (Antonio Guterres) បានឃើញប្រទេសម្ចាស់ជំនួយ សន្យាផ្តល់ជំនួយជាទឹកប្រាក់ចំនួន ១.២ពាន់លានដុល្លារអាមេរិក។

ប៉ុន្តែវាមិនច្បាស់ទេថា ចំនួនទឹកប្រាក់ប៉ុន្មានដែលត្រូវបានផ្ដល់ឱ្យទៅក្នុងទឹកប្រាក់ចំនួន ៦០៦លានដុល្លារអាមេរិកដែល UN បានស្នើសុំជាពិសេស ដើម្បីផ្តល់ហិរញ្ញប្បទានដល់ជំនួយមនុស្សធម៌សម្រាប់ប្រជាជនអាហ្វហ្កានីចំនួន ១១លាននាក់នៅចុងឆ្នាំ២០២១នេះ។

នៅថ្ងៃសុក្រសប្ដាហ៍នេះ លោក Filippo Grandi បានឱ្យដឹងថា រហូតមកទល់ពេលនេះ មានតែ ៣៥ភាគរយនៃចំនួននេះប៉ុណ្ណោះដែលត្រូវបានគេផ្តល់ឱ្យ ហើយក្នុងចំណោមចំនួន ៣០០លានដុល្លាអាមេរិកដែលបានស្នើសុំដោយ UNHCR មានតែ ១៨ភាគរយប៉ុណ្ណោះដែលត្រូវបានទទួល៕