(ប្រេស៊ីលីឡា)៖ ប្រេស៊ីល និងបណ្តាប្រទេសអាមេរិកឡាទីនផ្សេងទៀត កំពុងស្ថិតនៅក្រោម «សម្ពាធដែលមិនសមហេតុផល» ដើម្បីចាត់វិធានការការពារព្រៃអាម៉ាហ្សូន (Amazon)។ នេះបើតាមសម្តីអនុប្រធានាធិបតីប្រទេសប្រេស៊ីល លោក ហាមីលតុន មូរ៉ាវ (Hamilton Mourao) ដែលត្រូវបានដកស្រង់ និងចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី០៩ ខែតុលា ឆ្នាំ២០២១។

លោក Hamilton Mourao បានថ្លែងទៅកាន់កិច្ចប្រជុំកំពូល ថ្នាក់ប្រធានាធិបតីលើកទី ៣ ស្តីពីកិច្ចព្រមព្រៀង ឡាទីស្យ៉ា (Leticia) សម្រាប់តំបន់ព្រៃ Amazon យ៉ាងដូច្នេះថា សមាជិកទាំងឡាយនៃកតិកាសញ្ញានេះ ត្រូវរួបរួមគ្នាប្រឆាំងនឹងសម្ពាធ «គ្មានមូលដ្ឋានផ្នែកវិទ្យាសាស្ត្រ» ដែលបានជំរុញប្រកបដោយភាពមិនត្រឹមត្រឹម ឲ្យប្រទេសរបស់ពួកយើង ទទួលខុសត្រូវចំពោះសកម្មភាពចាំបាច់នានា ដើម្បីបញ្ចៀសការប្រែប្រួលអាកាសធាតុ និងការបាត់បង់ជីវៈចម្រុះនោះ។

លោកអនុប្រធានាធិបតីប្រេស៊ីលបានបន្ថែមទៀតថា «យើងត្រូវតែសហការ និងរួបរួមគ្នា ដើម្បីឱ្យសំឡេងរបស់ប្រទេសកំពុងអភិវឌ្ឍ ជាពិសេសនៅតំបន់ព្រៃ Amazon ត្រូវបានគេដឹងឮយ៉ាងច្បាស់ និងព្រមៗគ្នា»។ លោក Mourao ដែលជាអ្នកសម្របសម្រួលនៃក្រុមប្រឹក្សាជាតិ Amazon បានសង្កត់ធ្ងន់បន្ថែមថា វាមានសារៈសំខាន់ក្នុងការពង្រឹង អង្គការសន្ធិសញ្ញាកិច្ចសហប្រតិបត្តិការ Amazon (ACTO) ដែលប្រមូលផ្តុំបណ្តាប្រទេសនៅជាប់ព្រៃ Amazon ដូចជា បូលីវី, ប្រេស៊ីល, កូឡុំប៊ី, អេក្វាឌ័រ, ហ្គាយ៉ាណា, ប៉េរូ, ស៊ូរីណាមិ និងវេណេស៊ុយអេឡា។

លោក Mourao បានលើកឡើងទៀតថា «សូមឱ្យយើងពង្រឹងការប្តេជ្ញាចិត្តរួមរបស់យើង និងគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាពរបស់យើង»។ ការលើកឡើងរបស់ប្រេស៊ីលលើកនេះ ត្រូវបានធ្វើឡើង ក្រោយពីមានរបាយការណ៍ក្នុងស្រុក និងអន្តរជាតិមួយចំនួន បានស្តីបន្ទោសរដ្ឋាភិបាលប្រេស៊ីលបច្ចុប្បន្ន អំពីការកាប់ទន្ទ្រានព្រៃ Amazon ខណៈដែលព្រៃស្រូបទឹកភ្លៀងមួយនេះ មួយភាគធំស្ថិតនៅក្នុងប្រទេសប្រេស៊ីល។ រដ្ឋាភិបាលរបស់លោកប្រធានាធិបតី ហ្ស៊ៃរ បូលសូណារ៉ូ (Jair Bosolnaro) នាប៉ុន្មានឆ្នាំមកនេះ ក៏ធ្លាប់បានរិះគន់តបទៅក្រុមប្រឆាំងក្នុងស្រុក និងអង្គការអន្តរជាតិវិញជាច្រើនលើកផងដែរ ពាក់ព័ន្ធនឹងបញ្ហានៅព្រៃ Amazon ខាងលើនេះ៕