(ប៉េកាំង)៖ ថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២១ ប្រទេសចិនបានប្រារព្ធមហាមីទីងរំលឹកខួប ១១០ឆ្នាំ នៃបដិវត្តន៍ស៊ីនហៃនៅទីក្រុងប៉េកាំង, លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានអញ្ជើញចូលរួមព្រមទាំងថ្លែងសន្ទរកថាគន្លឹះ។

លោក Xi Jinping បានថ្លែងថា បដិវត្តន៍ស៊ីនហៃ #1911Revolution #辛亥革命 ជាការរុករកដ៏អស្ចារ្យ និងលំបាកលំបិនរបស់ប្រជាជនចិន និងបុគ្គលឈានមុខរបស់ចិន ដើម្បីដណ្តើមឯករាជ្យជាតិ និងរំដោះប្រជាជន ហេតុនេះត្រូវរៀនសូត្រ និងផ្សព្វផ្សាយស្មារតីដ៏ខ្ពង់ខ្ពស់របស់បុព្វបុរសបដិវត្តន៍ដូចជាលោក ស៊ុន យ៉ាត់សេន ជាដើម ដែលបានខិតខំប្រឹងប្រែងក្នុងបុព្វហេតុ ស្តារភាពរុងរឿងនៃមាតុប្រទេស។

លោក Xi Jinping បានបន្តទៀតថា បដិវត្តន៍ស៊ីនហៃបានជំរុញយ៉ាងខ្លាំង ដល់ការរំដោះគំនិតរបស់ប្រជាជាតិចិន បានផ្សព្វផ្សាយទស្សនៈប្រជាធិបតេយ្យសាធារណរដ្ឋ បានបើកច្រកចរន្តឈានមុខនៃប្រទេសចិន នៅលើទឹកដីចិនដ៏ធំធេង បានបង្កើតប្រទេសរបបសាធារណរដ្ឋទីមួយនៅទ្វីបអាស៊ី ដែលបានជំរុញដល់ការបដិវត្ត និងកំណែទម្រង់នៃសង្គមចិនផង ក៏ដូចជាបានផ្តល់មាគ៌ារុករកមួយ ដើម្បីសម្រេចការស្តារភាពរុងរឿង ដ៏អស្ចារ្យរបស់ប្រជាជាតិចិនផង៕