(ប៉េកាំង)៖ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរនៅថ្ងៃសៅរ៍ ទី០៩ ខែតុលា ឆ្នាំ២០២១នេះ បានរាយការណ៍ថា ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមចរចាពាណិជ្ជកម្មរបស់ចិន លោក លីវ ហឺ (Liu He) បានជួបពិភាក្សាគ្នាតាមប្រព័ន្ធវីដេអូ ជាមួយតំណាងពាណិជ្ជកម្មអាមេរិក លោកស្រី ខេធើរីន តៃ (Katherine Tai)។

ប្រព័ន្ធសារព័ត៌មានចិនបានឲ្យដឹងថា នៅក្នុងកិច្ចសន្ទនានោះ ភាគីទាំង ២ បានពិភាក្សាគ្នាប្រកបដោយលក្ខណៈស្ថាបនា និងស្មោះត្រង់លើបញ្ហាចំនួន ៣ ក្នុងនោះរួមមានទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក, ការផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមក លើការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការបង្ហាញពីកង្វល់មួយចំនួន ក៏ដូចជាការឯកភាពគ្នាដោះស្រាយ កង្វល់នៃភាគីទាំង ២ តាមរយៈការប្រឹក្សាយោបល់នៅថ្ងៃមុខ។

គួរបញ្ជាក់ថា តាមរយៈកិច្ចប្រជុំដដែល ប្រទេសចិន និងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នា លើការបន្តទំនាក់ទំនងឈរលើស្មារតីស្មើភាព និងគោរពគ្នាទៅវិញទៅមក ដើម្បីបង្កើតបរិយាកាសអំណោយផល ដល់ការអភិវឌ្ឈទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ចូលរួមចំណែកស្ដារសេដ្ឋកិច្ចពិភពលោកឡើងវិញ។

ដោយឡែក ទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់សម្តីរបស់លោកស្រី Katherine Tai នៅមុនកិច្ចកិច្ចប្រជុំតាមប្រព័ន្ធវីដេអូអនឡាញ ជាមួយមន្ត្រីចិននោះថា លោកស្រីនឹងស្វែងរកកិច្ចចរចាដោយស្មោះត្រង់ ជាមួយទីក្រុងប៉េកាំង និងទាមទារឲ្យចិនប្រកាន់ខ្ជាប់ ចំពោះការប្តេជ្ញាចិត្តរបស់ខ្លួន ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្ម «ដំណាក់កាលទី ១» ដែលត្រូវបានបង្កើតឡើងក្នុងអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ៕