(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក និងក្រុមតាលីបង់នឹងរៀបចំជំនួបទល់មុខមួយជាលើកដំបូងដោយចាប់ផ្ដើមនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ចាប់តាំងពី ទីក្រុងវ៉ាស៊ីនតោនដកខ្លួនចេញពីអាហ្វហ្កានីស្ថាន។ នេះបើតាមក្រសួងការបរទេសអាមេរិក ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០៩ ខែតុលា ឆ្នាំ២០២១។

បើតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក ក្រុមប្រតិភូអាមេរិកនឹងជួបពិភាក្សាជាមួយក្រុមមន្ត្រីជាន់ខ្ពស់តាលីបង់ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចុងសប្ដាហ៍នេះ នៅឯទីក្រុងដូហា ប្រទេសកាតា។ អ្នកនាំពាក្យរូបនេះដដែលបន្ថែមទៀតថាសហរដ្ឋអាមេរិកនឹងដាក់សម្ពាធឱ្យក្រុមតាលីបង់គោរពសិទ្ធិ របស់ប្រជាជនអាហ្វហ្កានីស្ថាន ក្នុងនោះរួមមានទាំងស្ត្រី និងក្មេងស្រី ហើយបង្កើតរដ្ឋាភិបាលមួយដែលមានភាពចម្រុះមានការទទួលស្គាល់ពីអន្តរជាតិ។

គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន នៅតែបន្តទំនាក់ទំនងជាមួយក្រុមតាលីបង់ តាំងតែពីដកកងទ័ពចេញពីអាហ្វហ្កានីស្ថានកាលពីខែសីហាកន្លងទៅមកម្ល៉េះ ប៉ុន្តែខាងក្រសួងការបរទេសអាមេរិក បានអះអាងថាការរៀបចំជំនួបទល់មុខនេះឡើង មិនមែនមានន័យថាសហរដ្ឋអាមេរិកទទួលស្គាល់ការដឹកនាំរបស់ តាលីបង់នៅក្នុងប្រទេសអាហ្វហ្កានីស្ថាននោះទេ៕