(តូក្យូ)៖ នាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុនលោក Fumio Kishida បាននិយាយនៅថ្ងៃសុក្រ ទី០៨ ខែតុលាថា លោកបានឯកភាពក្នុងកិច្ចពិភាក្សាលើកដំបូងរបស់លោក ជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង ពីតម្រូវការក្នុងការធ្វើការរួមគ្នាលើបញ្ហាដែលមានកង្វល់រួមគ្នា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៨ ខែតុលា ឆ្នាំ២០២១។

លោក Kishida បាននិយាយនៅក្នុងសេចក្តីអត្ថាធិប្បាយមួយ ដែលផ្សាយដោយទូរទស្សន៍រដ្ឋ NHK បន្ទាប់ពីបាននិយាយទូរសព្ទជាមួយលោកស៊ី ជីនពីង ថា «ពិតណាស់ ខ្ញុំបានលើកឡើងពីកង្វល់រវាងប្រទេសទាំងពីរ ហើយខ្ញុំបានស្នើថា យើងគួរតែបន្តកិច្ចសន្ទនាបន្ថែមទៀតនាពេលអនាគត»។

លោក Kishida បានបន្ថែមថា បញ្ហាដែលលោកបានលើកឡើងរួមមានដូចជាបញ្ហាជម្លោះកោះ ក៏ដូចជាបញ្ហាហុងកុង និងបញ្ហាជនជាតិភាគតិចអ៊ុយហ្គួរនៅតំបន់ស៊ីនជាំងផងដែរ។ ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតអំពីអ្វីដែលបាននិយាយនោះទេ»។

នាយករដ្ឋជប៉ុនដែលទើបតែឡើងកាន់អំណាចរូបនេះបានសង្កត់ធ្ងន់ទៀតថា «លោក ស៊ី និងខ្ញុំបានយល់ព្រមធ្វើការរួមគ្នាលើបញ្ហាផ្សេងៗរួមទាំងកូរ៉េខាងជើងផងដែរ»៕