(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida និងប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានជួបសន្ទនាគ្នាតាមទូរស័ព្ទជាលើកដំបូង នៅថ្ងៃសុក្រនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានជប៉ុន Kyodo News នៅថ្ងៃសុក្រ ទី០៨ ខែតុលា ឆ្នាំ២០២១។

វាគឺជាកិច្ចសន្ទនាតាមទូរស័ព្ទលើកដំបូង រវាងមេដឹកនាំនៃប្រទេសជប៉ុននិងចិន គិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០២០មក នៅពេលអតីតនាយករដ្ឋមន្រ្តីជប៉ុន លោក Yoshihide Suga បានឡើងកាន់អំណាចបន្តពីលោក ស៉ីនហ្សូ អាបេ។ យ៉ាងណាមិញ ពុំទាន់មានការបញ្ជាក់ខ្លឹមសារលម្អិត នៃកិច្ចសន្ទនាខាងលើឡើយ។

កាលពីថ្ងៃចន្ទសប្តាហ៍នេះ នៅពេលលោក Kishida ស្បថចូលកាន់តំណែងជាផ្លូវការ លោក ស៉ី បានផ្ញើសារអបអរសាទរភ្លាមៗ ដូចទៅនឹងបណ្តាមេដឹកនាំអន្តរជាតិដទៃទៀតដែរ។ លោកប្រធានាធិបតីចិន បាននិយាយថា ប្រទេសអាស៉ីទាំងពីរ គួរតែពង្រឹងកិច្ចសន្ទនា និងការធ្វើទំនាក់ទំនង ហើយបង្កើនភាពទុកចិត្តគ្នានិងកិច្ចសហប្រតិបត្តិការ ដើម្បីកសាងទំនាក់ទំនងទ្វេភាគី ដែលស្របទៅនឹងតម្រូវការ នៃសម័យកាលថ្មី។

ដោយឡែក លោក Kishida ធ្លាប់បានគូសបញ្ជាក់ថា ស្របពេលដែលការរក្សាស្ថិរភាពចំណងទ្វេភាគី មានសារសំខាន់ចំពោះតំបន់ និងសហគមន៍អន្តរជាតិ ជប៉ុននឹងនិយាយអ្វីដែលត្រូវនិយាយអំពីប្រទេសចិន ទាក់ទងបញ្ហាសិទ្ធិមនុស្សនិងនីតិរដ្ឋ។

គួរបញ្ជាក់ថា ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់ជប៉ុន ប៉ុន្តែប្រទេសទាំងពីរមានបញ្ហាជាមួយគ្នា ពាក់ព័ន្ធអធិបតេយ្យភាពនៅកោះ ដែលស្ថិតក្នុងតំបន់សមុទ្រចិនខាងកើត។ ជប៉ុនក៏បានចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងការស្តែងក្តីបារម្ភចំពោះការដាក់សម្ពាធរបស់ចិន លើកោះតៃវ៉ាន់ផងដែរ៕