(តូក្យូ)៖ គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាដែលបានវាយប្រហារ តំបន់នៃរដ្ឋធានីតូក្យូ ប្រទេសជប៉ុនកាលពីយប់ថ្ងៃព្រហស្បតិ៍ បានបណ្តាលឱ្យមនុស្ស ៣២នាក់រងរបួស និងបន្តរំខានដល់សេវាកម្មខ្សែរថភ្លើង កាលពីព្រឹកថ្ងៃសុក្រនេះ ដែលប៉ះពាល់ដល់អ្នកដំណើរសរុបជាង ៣៦៨,០០០នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃសុក្រ ទី០៨ ខែតុលា ឆ្នាំ២០២១។

បើតាមក្រុមហ៊ុនសេវាកម្មខ្សែរថភ្លើង JR East (East Japan Railway) គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាបំផុត ដែលបានវាយប្រហារតំបន់រដ្ឋធានីនៃប្រទេសជប៉ុន ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ បានបណ្តាលឱ្យសេវាកម្មខ្សែរថភ្លើងល្បឿនលឿន ស៊ីនកាន់សិន (Shinkansen) និងខ្សែរថភ្លើងក្នុងស្រុកចំនួន ១៦ខ្សែត្រូវបានលុបចោល ឬពន្យារពេលចាប់ពីយប់ថ្ងៃព្រហស្បតិ៍ រហូតដល់វេលាម៉ោងប្រហែល ០៣៖០០នាទីរសៀលថ្ងៃសុក្រ (ម៉ោងនៅតូក្យូ) ដែលបណ្តាលឱ្យអ្នកដំណើរលើខ្សែរថភ្លើងពេលយប់ ភាគច្រើនជាប់គាំង និងរំខានដល់អ្នកដំណើរលើខ្សែរថភ្លើង ពេលព្រឹកថ្ងៃសុក្រនេះផងដែរ។

របាយការណ៍របស់ទីភ្នាក់ងារគ្រប់គ្រងអគ្គីភ័យ និងគ្រោះមហន្តរាយជប៉ុនបានឱ្យដឹងថា មនុស្សចំនួន ០២នាក់នៅក្នុងខេត្ត សាអ៊ិតាម៉ា (Saitama) និងម្នាក់នៅក្នុងខេត្ត ឈីបា (Chiba) បានរងរបួសធ្ងន់ធ្ងរជាងគេ ក្នុងចំណោមអ្នករងរបួសទាំង ៣២នាក់ខាងលើ។ គ្រោះរញ្ជួយដីដ៏ខ្លាំងក្លានេះ ពុំបានបង្កជារលកយក្សស៊ូណាមិនោះទេ៕