(ហៃកូវ)៖ បើតាមអាជ្ញាធរឧតុនិយមជាតិចិន នៅថ្ងៃសុក្រនេះបានឱ្យដឹងថា ព្យុះទីហ្វុងកំណាចឈ្មោះ ឡាយអិនរ៉ក់ (Lionrock) ជាព្យុះទី១៧ ដែលមានឥទ្ធិពលលើប្រទេសចិន នៅឆ្នាំ២០២១នេះ កំពុងធ្វើដំណើរឆ្ពោះទៅកាន់ខេត្តហៃណាន (Hainan) ភាគខាងត្បូង ប្រទេសចិនហើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃសុក្រ ទី០៨ ខែតុលា ឆ្នាំ២០២១។

ព្យុះទីហ្វុងកំណាច Lionrock ត្រូវបានគេសង្កេតឃើញ នៅលើផ្ទៃទឹកចម្ងាយប្រមាណ១៥០គីឡូម៉ែត្រ ពីភាគអាគ្នេយ៍នៃទីក្រុង វ៉ាននីង (Wanning) ខេត្តហៃណាន នៅវេលាម៉ោង ០៨៖០០នាទីព្រឹកថ្ងៃសុក្រនេះ។ អាជ្ញាធរឧតុនិយមជាតិចិន បានចេញការព្រមានកម្រិតទី៣ សម្រាប់ព្យុះទីហ្វុងកំណាច ដែលកំពុងធ្វើដំណើរខិតជិតមកដល់នេះ។

ព្យុះទីហ្វុងកំណាច Lionrock ត្រូវបានគេរំពឹងថា នឹងនាំមកនូវទឹកភ្លៀងធ្លាក់ច្រើន ដែលអាចជួយកាត់បន្ថយគ្រោះរាំងស្ងួតនៅខេត្ត Hainan ជាទីដែលសមត្ថភាពផ្ទុកទឹក នៅក្នុងអាងស្តុកទឹកគឺ មានត្រឹមតែ៤០.៨ភាគរយប៉ុណ្ណោះ នៃសមត្ថភាពធម្មតា។

គួរបញ្ជាក់ថា សេវាកម្មសាឡាង នៅច្រកសមុទ្រ Qiongzhou ក៏ត្រូវបានផ្អាកកាលពីថ្ងៃទី០៦ ខែតុលាកន្លងទៅនេះផងដែរ ដោយសារការព្យាករពីខ្យល់បោកបក់ខ្លាំង និងព្យុះ។ វាត្រូវបានគេរំពឹងថា នឹងបន្តបើកដំណើរការឡើងវិញ នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ៕