(ដាម៉ាស់)៖ រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Faisal Mekdad បានព្រមានក្រុមសកម្មប្រយុទ្ធឃើដ ឱ្យបញ្ឈប់ជាបន្ទាន់ការធ្វើសកម្មភាពជាទីភ្នាក់ងាររបស់កងទ័ពអាមេរិក នៅក្នុងតំបន់ភាគឦសាន នៃប្រទេសស៊ីរី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសុក្រ ទី០៨ ខែតុលា ឆ្នាំ២០២១។

ការព្រមានខាងលើរបស់លោក Faisal Mekdad ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋស៊ីរី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ រដ្ឋមន្ត្រីការបរទេសស៊ីរីរូបនេះក៏បានលើកឡើងផងដែរថា កងទ័ពអាមេរិកត្រូវតែចាកចេញពីទឹកដីស៊ីរី ដ្បិតកងទ័ពស៊ីរីអាចនឹងចូលទៅកាន់តំបន់ទាំងនោះនៅថ្ងៃណាមួយ។

គួរបញ្ជាក់ថា បើតាមលោក Faisal Mekdad កងទ័ពស៊ីរីនឹងមិនបោះបង់ចោលផ្នែកណាមួយនៃទឹកដីស៊ីរីនោះទេ ហើយថាសហរដ្ឋអាមេរិក និងតួកគីគួរតែចាកចេញពី ទឹកដីស៊ីរី ខណៈសកម្មប្រយុទ្ធឃើដត្រូវតែដឹងឱ្យច្បាស់ថាដើម្បីអនាគតស៊ីរី ពួកគេត្រូវតែបញ្ឈប់ជាបន្ទាន់នូវរាល់ការធ្វើសកម្មភាពជាទីភ្នាក់ងារបស់កងទ័ពបរទេស ដើម្បី ប្រឆាំងប្រទេសកំណើតខ្លួនឯង៕