(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក បានបញ្ចេញរបាយការណ៍ថ្មីមួយស្ដីពីការស្ដុកទុកក្បាលគ្រាប់នុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ដែលមានចំនួន ៣,៧៥០គ្រាប់ គិតត្រឹមខែកញ្ញា ឆ្នាំ២០២០កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃសុក្រ ទី០៨ ខែតុលា ឆ្នាំ២០២១។

បើតាមរបាយការណ៍ថ្មីដដែល ក្នុងចំណោមក្បាលគ្រាប់នុយក្លេអ៊ែរខាងលើ មានទាំងក្បាលគ្រាប់កំពុងប្រើប្រាស់ និងមិនទាន់ត្រូវបានប្រើ ខណៈក្បាលគ្រាប់នុយក្លេអ៊ែរ ជាង ២,០០០គ្រាប់ផ្សេងទៀត ត្រូវបានដាក់ឱ្យចូលនិវត្តន៍ និងរង់ចាំការបំផ្លាញចោល ហើយនេះគឺជាលើកដំបូងបំផុតក្នុងរយៈពេល៤ឆ្នាំមកនេះ ដែលអាមេរិកបង្ហើបពី ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ បន្ទាប់ពីការបិទបាំងរបស់លោក ដូណាល់ ត្រាំ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងរុស្ស៊ីត្រូវបានគេរាយការណ៍ថាកំពុងកាន់កាប់ក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាងគេបំផុត ឬតំណាងឱ្យ៩០ភាគរយនៃក្បាលគ្រាប់
នុយក្លេអ៊ែរនៅលើពិភពលោក។ បើតាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្ដុកខុល (Stockholm International Peace Research Institute) ដោយមិនរាប់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរចូលនិវត្តន៍ រុស្ស៊ីឈរនៅលេខរៀងទី១ ដោយមានក្បាលគ្រាប់នុយក្លេអ៊ែរ ៦,២៥៥គ្រាប់, សហរដ្ឋអាមេរិក មាន ៥,៥៥០គ្រាប់, ចិន ៣៥០គ្រាប់, បារាំងមាន ២៩០គ្រាប់ និងអង់គ្លេស ២២៥គ្រាប់៕