(ម៉ូស្គូ)៖ អាជ្ញាធររុស្ស៊ីបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះ ពីការរកឃើញនូវករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ ចំនួន ២៧,៥៥០នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុតសម្រាប់ឆ្នាំនេះ ដែលនាំឱ្យចំនួនសរុបទូទាំងប្រទេសកើនឡើងដល់ ៧,៦៩០,១១០ករណី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែតុលា ឆ្នាំ២០២១។

ក្នុងថ្ងៃជាមួយគ្នានេះ រុស្ស៊ីក៏បានរកឃើញអ្នកស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះចំនួន ៩២៤នាក់ទៀតផងដែរ ដែលនាំចំនួនអ្នកស្លាប់សរុបកើនដល់ ២១៣,៥៤៩នាក់។ ដោយឡែកចំនួនអ្នកជាសះស្បើយថ្មីមានចំនួន ២០,៣៣០នាក់ នៃចំនួនសរុប ៦,៧៩៩,២៣០នាក់។

អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ករណីស្លាប់ថ្មីបានកើនឡើងគួរឱ្យព្រួយបារម្ភ ដោយសារតែអត្រាអ្នកដែលបានចាក់វ៉ាក់សាំងនៅមានកម្រិតតិចតួចនៅឡើយ៕