(ហ្សាការតា)៖ ទីភ្នាក់ងារចំណីអាហារ និងឱសថឥណ្ឌូនេស៊ី (BPOM) បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែតុលានេះថា ឥណ្ឌូនេស៊ីបានអនុម័តឲ្យប្រើប្រាស់នូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលផលិតដោយអង្គភាពផលិតផលជីវសាស្ត្រ Chongqing Zhifei របស់ចិនសម្រាប់ករណីបន្ទាន់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

លោកស្រី Penny Lukito ប្រធាន BPOM បាននិយាយថា អត្រាប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំងនេះបានកើនឡើង៣ដង ក្នុងរយៈពេល៣ខែ គឺប្រហែល ៨១% ហើយអត្រាប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មី Delta មាន ៧៧,៤៧%។

ការតេស្តសាកល្បងវ៉ាក់សាំង Zifivax នេះត្រូវ បានធ្វើឡើងនៅក្នុងប្រទេសចិន អ៊ូសបេគីស្ថាន ប៉ាគីស្ថាន អេក្វាឌ័រ និងឥណ្ឌូនេស៊ី ដែលមានមនុស្សចូលរួមចំនួន ២៨,០០០នាក់ ហើយប្រសិទ្ធភាពរបស់វាផ្អែកលើកស្ថានភាពជំងឺជាក់ស្តែង។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌូនេស៊ីក៏បានអនុម័តយល់ព្រមឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ចិនបីប្រភេទផ្សេងទៀតផងដែរគឺវ៉ាក់សាំង Sinovac, Sinopharm និង CanSino៕