(សេអ៊ូល)៖ អង្គការសុខភាពពិភពលោក (WHO) កំពុងត្រៀមខ្លួនបញ្ជូនជំនួយវេជ្ជសាស្ត្រប្រយុទ្ធប្រឆាំង COVID-19 ដល់កូរ៉េខាងជើង ដែលនេះហាក់ដូចជាសញ្ញាមួយ បង្ហាញថាប្រទេស ឯកោមួយនេះកំពុងបន្ធូរបន្ថយវិធានការរឹតត្បិតដ៏តឹងរ៉ឹងបំផុតនៅតាមតំបន់ព្រំដែន ដើម្បីទទួលជំនួយពីខាងក្រៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែតុលា ឆ្នាំ២០២១។

នៅក្នុងរបាយការណ៍តាមដានប្រចាំសប្ដាហ៍របស់ខ្លួន WHO បាននិយាយថាខ្លួនបានចាប់ផ្ដើមបញ្ជូនជំនួយជាបរិក្ខាពេទ្យសំខាន់មួយចំនួនដើម្បីប្រឆាំង COVID-19 កាត់តាមទីក្រុងកំពង់ផែ Dalian របស់ចិន ដើម្បីស្ដុកទុក និងត្រៀមបញ្ជូនទៅកាន់កូរ៉េខាងជើង។ ប៉ុន្តែ មន្ត្រី WHO មិនបានបញ្ជាក់លម្អិតថាតើជំនួយអ្វីខ្លះដែលត្រូវផ្ដល់ ឱ្យកូរ៉េខាងជើង ឬក៏ថាតើពួកគេបានទាក់ទង ឬក៏ទទួលបានការយល់ព្រមពីទីក្រុងព្យុងយ៉ាងហើយ ឬក៏យ៉ាងណានោះទេ។

គួរបញ្ជាក់ថា កូរ៉េខាងជើង បានប្រាប់អង្គការ WHO កាលពីថ្ងៃទី២៣ ខែកញ្ញាកន្លងទៅនេះថា ខ្លួនបានធ្វើតេស្ដលើប្រជាជន ៤០,៧០០នាក់ ប៉ុន្តែមិនបានរកឃើញថា នរណាម្នាក់ឆ្លង COVID-19 ឡើយ។ កូរ៉េខាងជើង កន្លងទៅមកបានអះអាងថាមិនមានករណីឆ្លង COVID-19 នៅក្នុងស្រុកសូម្បីតែមួយករណី ហើយជាការបញ្ជាក់
ទីក្រុងព្យុងយ៉ាងបានបដិសេធទទួលយកជំនួយនានា ដោយសុខចិត្តបង្វិលជំនួយទាំងនោះទៅកាន់ប្រទេសដទៃ ដែលកំពុងត្រូវជាការជាចាំបាច់ និងរងគ្រោះធ្ងន់ធ្ងរ
ដោយសារ COVID-19 ផងដែរ៕