(ស្វីស)៖ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់នៅថ្ងៃពុធសប្ដាហ៍នេះ បានឱ្យដឹងថាសហរដ្ឋអាមេរិក និងចិនបានឯកភាពគ្នាលើគោលករណ៍មួយចំនួន ក្នុងការរៀបចំកិច្ចប្រជុំកំពូល តាមវីដេអូរវាងប្រធានាធិបតីនៃប្រទេសទាំង២ នៅមុនដំណាច់ឆ្នាំ២០២១នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែតុលា ឆ្នាំ២០២១។

សេចក្ដីរាយការណ៍ខាងលើធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំបិទទ្វារមួយនៅឯសណ្ឋាគារមួយនៃអាកាសយានដ្ឋានទីក្រុងហ្សូរីស ប្រទេសស្វីស រវាងទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan និងអ្នកការទូតកំពូលរបស់ចិន លោក Yang Jiechi នៅថ្ងៃពុធសប្ដាហ៍នេះ ដែលជាជំនួបទល់មុខ លើកដំបូងបំផុតរវាងអ្នកទាំង២ ចាប់តាំងពី កិច្ចប្រជុំក្នុងរដ្ឋអាឡាស្កា កាលពីថ្ងៃមីនាមក។ តែទោះជាយ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់អាមេរិកដែលបញ្ជាក់ថាកិច្ចប្រជុំតាមវីដេអូនេះទំនងជានឹងមិនអាចធ្វើឱ្យ ទំនាក់ទំនងរវាងអាមេរិក និងចិនល្អប្រសើរឡើងខ្លាំងណាស់ណានោះទេ។

គួរបញ្ជាក់ថា ភាគីចិនទាន់មិនបានបញ្ជាក់លម្អិតអ្វីនោះទេ ដោយគ្រាន់តែក្រសួងការបរទេសចិន បានអះអាងថានៅក្នុងជំនួបនោះ លោក Yang Jiechi បានប្រាប់លោក Sullivan ថាការប្រឈមមុខដាក់គ្នានឹងបំផ្លាញដល់ផលប្រយោជន៍រវាងប្រទេសទាំង២ និងពិភពលោកទាំងមូល៕