(ប៉ារីស)៖ រដ្ឋមន្ត្រីការបរទេសបារាំង លោក ហ្សង់ អ៉ីវ ឡឺ ទ្រីយ៉ង់ (Jean-Yves Le Drian) បាននិយាយថាប្រទេសរបស់លោកនឹងបញ្ជូនអគ្គរដ្ឋទូតទៅកាន់ប្រទេស អូស្ត្រាលីវិញ បន្ទាប់ពីមានជម្លោះការទូតជាមួយទីក្រុង កង់បេរ៉ា ពាក់ព័ន្ធនឹងការលុបចោលកិច្ចព្រមព្រៀងទិញនាវាមុជទឹក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែតុលា ឆ្នាំ២០២១។

លោក ឡឺ ទ្រីយ៉ង់ ធ្វើការកត់សម្គាល់ខាងលើ នៅឯសវនាការសាកសួរមួយចំពោះមុខសមាជិកសភាបារាំងនៅថ្ងៃពុធសប្ដាហ៍នេះ។ រដ្ឋមន្ត្រីការបរទេសបារាំងរូបនេះ បានបញ្ជាក់ដូច្នេះថា «ឥលូវ, ខ្ញុំបានស្នើឱ្យអគ្គរដ្ឋទូតរបស់យើងត្រឡប់ទៅកាន់ទីក្រុងកង់បេរ៉ាវិញ ភ្ជាប់ជាមួយបេសកកម្មចំនួន២ នោះគឺជួយវាយតម្លៃឡើងវិញពី លក្ខខណ្ឌនៃទំនាក់ទំនងរបស់យើងជាមួយអូស្ត្រាលីនៅពេលអនាគត ...និងការពារផលប្រយោជន៍របស់យើងពាក់ព័ន្ធនឹងការសម្រេចចិត្តរបស់អូស្ត្រាលីដោយ
លុបចោលកម្មវិធីទិញនាវាមុជទឹកពីបារាំង»។

គួរបញ្ជាក់ថា ជម្លោះការទូតរវាងបារាំង និងអូស្ត្រាលី បានផ្ទុះឡើង បន្ទាប់ពីទីក្រុងកង់បេរ៉ា កាលពីថ្ងៃកញ្ញាកន្លងទៅ បានសម្រេចចិត្តលុបចោលកិច្ចព្រមព្រៀងទិញ នាវាមុជទឹកពីបារាំង ដើម្បីស្រវាយកនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរពីសហរដ្ឋអាមេរិក និងអង់គ្លេស។ បារាំងក៏បានកោះហៅអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំ សហរដ្ឋអាមេរិកត្រឡប់មកស្រុកវិញផងដែរ តែក្រោយមក បានសម្រេចចិត្តបញ្ជូនអគ្គរដ្ឋទូតរូបនេះទៅកាន់ទីក្រុងវ៉ាស៊ីនតោនវិញដូចគ្នា៕