(ស៊ុយអែត)៖ ទីភ្នាក់ងារសុខភាពស៊ុយអែតបាននិយាយនៅថ្ងៃពុធទី ៦ ខែតុលានេះថា ប្រទេសស៊ុយអែតនឹងផ្អាកការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Moderna សម្រាប់មនុស្សដែលកើតនៅឆ្នាំ១៩៩១ ឬក្មេងជាងនេះ បន្ទាប់ពីមានរបាយការណ៍អំពីផលប៉ះពាល់ដ៏កម្រដូចជាជំងឺរលាកសាច់ដុំបេះដូង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ទីភ្នាក់ងារសុខភាពបាននិយាយថា ទិន្នន័យបានចង្អុលបង្ហាញពីការកើនឡើងនៃជំងឺរលាកសាច់ដុំបេះដូង និងរលាកស្រោមបេះដូង ក្នុងចំណោមយុវជននិងមនុស្សពេញវ័យដែលបានចាក់វ៉ាក់សាំងហើយ។

សេចក្តីថ្លែងការណ៍បាននិយាយថា «បញ្ហានេះវាកើនឡើងកាន់តែឃើញច្បាស់ នៅពេលដែលប្រើប្រាស់វ៉ាក់សាំង Spikevax របស់ Moderna ជាពិសេសបន្ទាប់ពីការចាក់លើកទី ២»។

ទីភ្នាក់ងារបានគូសបញ្ជាក់ថា ឥឡូវនេះវ៉ាក់សាំង Comirnaty របស់ក្រុមហ៊ុន Pfizer/Biontech ត្រូវបាននែនាំជំនួស។ មនុស្សដែលកើតនៅឆ្នាំ១៩៩១ ឬក្រោយ ដែលបានទទួលចាក់វ៉ាក់សាំង Moderna ដូសដំបូងប្រមាណជា ៨១,០០០នាក់ នឹងមិនទទួលចាក់វ៉ាក់សាំងប្រភេទនេះសម្រាប់ដូសទី២ទេ៕