(វៀងច័ន្ទ)៖ ក្រសួងសុខាភិបាលឡាវបានស្នើឲ្យមន្ត្រីផ្នែកអប់រំ និងកីឡារបស់ខ្លួន នៅទូទាំងប្រទេស ចុះធ្វើការងារជាមួយអាជ្ញាធរថ្នាក់មូលដ្ឋាន ដើម្បីសិក្សាអំពីចំនួនសិស្សសាលាអាយុចាប់ពី ១២-១៧ឆ្នាំ ដែលអាចនឹងត្រូវទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃពុធ ទី០៦ ខែតុលា ឆ្នាំ២០២១។

អាជ្ញាធរឡាវបានណែនាំការចាក់ថ្នាំបង្ការ COVID-19 ដល់សិស្សសាលាស្ថិតក្នុងក្រុមអាយុខាងលើនេះ បន្ទាប់បញ្ហាជាច្រើនត្រូវបានរាយការណ៍ ពាក់ព័ន្ធនឹងការរៀនតាមអ៊ីនធើណិត ក្រោយការបិទសាលារៀននោះ។ សម្រាប់ប្រទេសឡាវ តំបន់មួយចំនួននៅមិនទាន់អាចផ្តល់ការសិក្សា ចំពោះថ្នាក់តាមអនឡាញបែបនេះ ទៅរួចនោះឡើយ ព្រោះតែបញ្ហានៃការផ្គត់ផ្គង់សេវាអ៊ីនធើណិត។

ហេតុដូច្នេះ សម្រាប់ក្តីសង្ឃឹមពេលនេះ គឺមានតែការចាក់វ៉ាក់សាំងបង្ការ ទៅដល់ក្មេងៗស្ថិតក្នុងក្រុមអាយុ ដែលអាចចាក់បានប៉ុណ្ណោះ ហើយអាជ្ញាធរឡាវនឹងត្រូវស្រង់ស្ថិតិជាក់លាក់សិន មុននឹងធ្វើការបែងចែកវ៉ាក់សាំង និងអនុម័តឲ្យប្រើប្រាស់ចំពោះក្រុមក្មេងៗទាំងនោះ។ យ៉ាងណាក៏ដោយ ការកំណត់ថ្ងៃបើកសាលារៀនវិញនោះ គឺមិនទាន់អាចកើតមាននោះឡើយ ដោយឡាវត្រូវរង់់ចាំមើលយុទ្ធនាការចាក់វ៉ាក់សាំង នឹងដើរដល់កម្រិតណាសិន។

គិតត្រឹមថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ ឡាវមានករណីឆ្លង COVID-19 សរុប ២៥,៩៨៧ករណី ក្នុងនោះស្លាប់ ២២នាក់ និងជាសះស្បើយវិញ ២០,៣៩៧នាក់។ គិតត្រឹមថ្ងៃដដែល ឡាវបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ៥.០៦លានដូស ក្នុងនោះប្រជាជន ២១.១៦លាននាក់ (៣០.៣% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕