(យូអិន)៖ ក្នុងការអនុវត្តសិទ្ធិឆ្លើយតប នាឱកាសកិច្ចប្រជុំពិភាក្សាទូទៅ នៃគណៈកម្មាធិការទី ៣ របស់មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) បេសកជនចិនបានចេញមុខ ច្រានចោលរាល់ការលើកឡើង «ព័ត៌មានមិនពិត» ពីសំណាក់សហរដ្ឋអាមេរិក តាមរយៈការចោទប្រកាន់នានា ប្រឆាំងនឹងស្ថានភាពសិទ្ធិមនុស្សរបស់ចិន ហើយចិនបានអំពាវនាវឱ្យមានសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាសកលវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃពុធ ទី០៦ ខែតុលា ឆ្នាំ២០២១។

លោក ចាង ជន (Zhang Jun) តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំនៅអង្គការសហប្រជាជាតិ (UN) បានលើកឡើងនៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅញូយ៉ក) ថា «សហរដ្ឋអាមេរិកបានប្រើប្រាស់ ការក្លែងបន្លំ និងភូតកុហកគ្រប់ប្រភេទ ដើម្បីដាក់ការចោទប្រកាន់ ដែលមិនសមហេតុផលប្រឆាំងនឹងប្រទេសចិន។ ការចោទប្រកាន់ថា មានអំពើប្រល័យពូជសាសន៍ នៅតំបន់ស្វយ័តស៊ីនជាំង-អ៊ុយហ្គឺររបស់ចិន គឺត្រឹមតែជាការកុហកប្រចាំសតវត្សរ៍ ដែលបង្កើតឡើងដោយរដ្ឋបាលមុន នៅសហរដ្ឋអាមេរិកនោះឡើយ»។

លោក Zhang Jun បានកត់សម្គាល់ទៀតថា ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាត និងបដិសេធរាល់ការចោទប្រកាន់ទាំងអស់នេះ ដែលមានបង្កប់ចេតនានយោបាយទាំងស្រុង ព្រោះវាគ្រាន់តែចង់បង្អាក់ ដល់ដំណើរការអភិវឌ្ឍនៃប្រទេសចិនប៉ុណ្ណោះ។

ប្រទេសចិនក៏បានរិះគន់តបវិញផងដែរថា «សហរដ្ឋអាមេរិកតែងតែអះអាងថា ខ្លួនជាអ្នកការពារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ប៉ុន្តែតាមការពិតទៅ អាមេរិកគឺជាអ្នកបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដ៏ធំបំផុតទៅវិញ»