(សិង្ហបុរី)៖ ក្រុមហ៊ុនផលិតឱសថអន្តរជាតិ MSD (នៅសហរដ្ឋអាមេរិកហៅថា Merck) បានប្រកាសនៅថ្ងៃពុធ ទី០៦ ខែតុលា ឆ្នាំ២០២១ នេះថា ខ្លួនបានព្រមព្រៀងក្នុងការផ្គត់ផ្គង់ តាមការបញ្ជាទិញរបស់ប្រទេសសិង្ហបុរីហើយ នូវថ្នាំព្យាបាលជំងឺ COVID-19 ឈ្មោះ ម៉ុលនូភីរ៉់ាវៀរ (molnupiravir) នៅពេលដែលឱសថនេះត្រូវបានអនុម័ត និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានសិង្ហបុរី CNA។

បើតាមក្រុមហ៊ុន Merck ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា ថ្នាំ molnupiravir ដែលត្រូវបានគេអះអាងថា មានប្រសិទ្ធភាពប្រឆាំងនឹង មេរោគបំប្លែងខ្លួន Delta និងមេរោគបំប្លែងខ្លួនផ្សេងៗទៀតនៃ COVID-19 នោះ គឺកំពុងស្ថិតក្នុងការធ្វើតេស្តដំណាក់កាលទី ៣ (ចុងក្រោយ) ដែលមានចំនួន ២ផ្នែកសំខាន់ៗនៅក្នុងនោះ។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុននេះក្រុមហ៊ុន Merck ក៏បានប្រកាសផងដែរអំពីប្រសិទ្ធភាពនៃឱសថ molnupiravir ដោយវាអាចកាត់បន្ថយអត្រាហានិភ័យ ដល់ថ្នាក់ចូលសម្រាកមន្ទីរពេទ្យ ឬបាត់បង់ជីវិតបានរហូតដល់ទៅ ៥០% សម្រាប់អ្នកឆ្លងជំងឺ COVID-19 ដែលមានអការៈរោគកម្រិតស្រាល ទៅមធ្យម។

យ៉ាងណាក៏ដោយ សិង្ហបុរីមិនទាន់បានបញ្ជាក់ថា តើខ្លួនគ្រោងនឹងទិញថ្នាំពីក្រុមហ៊ុន Merck ប៉ុន្មានគ្រាប់នោះឡើយ។ ដោយឡែក ប្រទេសអាស៊ានមួយទៀតគឺថៃ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះបានឲ្យដឹងថា ខ្លួនកំពុងពិភាក្សាជាមួយក្រុមហ៊ុន Merck ដើម្បីទិញថ្នាំព្យាបាលជំងឺ COVID-19 ចំនួន ២០ម៉ឺនគ្រាប់។ ថៃថែមទាំងបានបានអះអាងទៀតថា ថ្នាំគ្រាប់ molnupiravir ប្រហែលជាអាចមកដល់ប្រទេសថៃ ក្នុងអំឡុងខែធ្នូខាងមុខនេះ បើទោះបីជាកិច្ចព្រមព្រៀងនេះ ត្រូវរង់ចាំមើលការអនុម័តពីរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) និងនិយតករឱសថថៃក៏ដោយ៕