(តៃប៉ិ)៖ រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់បានអះអាងនៅថ្ងៃពុធនេះថា ភាពតានតឹងផ្នែកយោធាជាមួយប្រទេសចិន គឺជារឿងធ្ងន់ធ្ងរបំផុតមិនធ្លាប់មាននោះឡើយ នៅក្នុងអំលុងពេលជាង ៤០ឆ្នាំមកនេះ បន្ទាប់ពីក្បួនយន្តហោះចម្បាំងចិនធំបំផុត បានចល័តចូលមកក្នុងតំបន់ការពារដែនអាកាសតៃវ៉ាន់ ជាបន្តបន្ទាប់កាលពីប៉ុន្មានថ្ងៃមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃពុធ ទី០៦ ខែតុលា ឆ្នាំ២០២១។

កោះតៃវ៉ាន់នៅដើមសប្តាហ៍នេះបានអះអាងថា ក្បួនយន្តហោះចម្បាំងចិនធំបំផុតមិនធ្លាប់មាន បានចល័តចូលមកកាន់តំបន់ការពារដែនអាកាស ដែលកំណត់ដោយកោះនេះ។ យន្តហោះចម្បាំងចិនសរុប ១៤៨គ្រឿង ត្រូវបានចល័តទៅកាន់ភាគនិរតីនៃកោះតៃវ៉ាន់ សម្រាប់ពេល ៤ថ្ងៃ (គិតចាប់ពីថ្ងៃសុក្រសប្តាហ៍មុន) ដែលជាឱកាសចិនប្រារព្ធបុណ្យជាតិ ហើយវាក៏បានកើតមានឡើងបន្ទាប់ពីសហរដ្ឋអាមេរិក នៅចំពោះមុខអង្គការសហប្រជាជាតិ (UN) បានប្តេជ្ញាជួយកោះតៃវ៉ាន់ ចូលរួមវេទិកាថ្នាក់អន្តរជាតិផងដែរ។

ឆ្លើយតបនឹងសំនួរពីសំណាក់ សមាជិកសភាកោះតៃវ៉ាន់ជុំវិញបញ្ហានេះ លោករដ្ឋមន្ត្រីការពារជាតិ ជីវ គួឆេង (Chiu Kuo-cheng) បានឆ្លើយតបវិញថា «វាពិតជាធ្ងន់ធ្ងរខ្លាំងណាស់ ដែលមិនធ្លាប់មានក្នុងអំលុងពេលជាង ៤០ឆ្នាំមកនេះ...។ វាអាចនឹងកើតមានហានិភ័យ នៃការផ្ទុះអាវុធជាយថាហេតុ នៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ដ៏រសើបនោះផងក៏ថាបានដែរ...។ សម្រាប់ខ្ញុំ ក្នុងនាមជាបុរសកាន់វិស័យយោធាម្នាក់ ការត្រៀមខ្លួនជានិច្ចជារឿងត្រឹមត្រូវ ដែលត្រូវដាក់ឲ្យស្ថិតនៅចំពោះមុខខ្ញុំ...»

គួរបញ្ជាក់ថា រដ្ឋមន្ត្រីតៃវ៉ាន់បានលើកឡើងដូចខាងលើ នៅក្នុងឱកាសដែលលោក ចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការសភា ដើម្បីត្រួតពិនិត្យលើកញ្ចប់ថវិកា ដែលត្រូវបានស្នើប្រមាណ ២៤០ពាន់លានដុល្លារតៃវ៉ាន់ (ជិត ៩ពាន់លានដុល្លារអាមេរិក) សម្រាប់ទិញអាវុធដែលផលិតក្នុងស្រុកផ្ទាល់ដូចជា គ្រាប់មីស៊ីល និងនាវាចម្បាំងជាដើម ដើម្បីបង្កើនសមត្ថភាពការពារខ្លួន៕