(សាណាអា)៖ សារព័ត៌មានយ៉េមែនបានចេញផ្សាយថា មនុស្សសរុបជាង ៨០នាក់បានបាត់បង់ជីវិត នៅក្នុងការប្រយុទ្ធគ្នាយ៉ាងក្តៅគគុករវាងកងទ័ពរដ្ឋាភិបាល និងក្រុមឧទ្ទាម Houthi នៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅទីក្រុងសាណាអា)។ នេះបើតាមការដកស្រង់ដោយ សារព័ត៌មានចិន CGTN នាព្រឹកថ្ងៃពុធ ទី០៦ ខែតុលា ឆ្នាំ២០២១។

ការប្រយុទ្ធគ្នាខាងលើនេះបានកើតឡើងនៅក្នុងខេត្ត ម៉ារីប (Marib) ស្ថិតនៅភាគកណ្តាលប្រទេសយ៉េមែន ដោយក្នុងរបាយការណ៍ចុងក្រោយ ដែលត្រូវបានផ្តល់ដោយមន្ត្រីយោធា នៃរដ្ឋាភិបាលយ៉េមែនបានបញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់ទាំងអស់គឺ ៧៤នាក់ជាសមាជិករបស់ក្រុមឧទ្ទាម Houthi និង ០៧នាក់ជាកងកម្លាំងយោធា។

គួរបញ្ជាក់ថា ការប្រយុទ្ធគ្នាយ៉ាងក្តៅគគុក បានផ្ទុះឡើងជាបន្តបន្ទាប់ នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ រវាងកងទ័ពរដ្ឋាភិបាលយ៉េមែន និងសមាជិកក្រុមឧទាម Houthi។ ការប្រយុទ្ធគ្នាថ្មីខាងលើនេះ បានកើតមានឡើងនៅតំបន់ ឡាម អា (Lam'aa) នៃស្រុក ហារីប (Harib) ដែលស្ថិតនៅចម្ងាយ ៦០គីឡូម៉ែត្រពីភាគកណ្តាលខេត្ត Marib ដែលកំពុងគ្រប់គ្រងដោយកងទ័ពរដ្ឋាភិបាលយ៉េមែន៕