(វ៉ាស៊ីនតោន)៖ ទាំងសមាជិកព្រឹទ្ធសភាមកពីបក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យ សុទ្ធតែកំពុងជំរុញឲ្យរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បណ្តេញបុគ្គលិកទូតរុស្ស៊ីចេញពីប្រទេស ប្រសិនបើទីក្រុងម៉ូស្គូមិនព្រមផ្តល់ទិដ្ឋាការបន្ថែម ទៅដល់បុគ្គលិកទូតអាមេរិកទេនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី០៦ ខែតុលា ឆ្នាំ២០២១។

ក្រុមព្រឹទ្ធសមាជិកអាមេរិកខាងលើនេះ បានសរសេរលិខិតរួមគ្នាផ្ញើទៅកាន់លោក ចូ បៃដិន កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ដោយបានគូសបញ្ជាក់ថា បច្ចុប្បន្ននៅក្នុងសហរដ្ឋអាមេរិក រុស្ស៊ីមានបុគ្គលិកទូតសរុបជាង ៤០០នាក់ កំពុងបំពេញការងារ ខណៈនៅប្រទេសរុស្ស៊ីវិញ អាមេរិកមានតែបុគ្គលិកទូតប្រមាណ ១០០នាក់ប៉ុណ្ណោះ។

លិខិតខាងលើនេះបានចាត់ទុកថា ចំនួនបុគ្គលិកទូតរបស់អាមេរិក និងរុស្ស៊ី មិនសមាមាត្រគ្នានោះឡើយ ហើយអាមេរិកពិតជាមិនអាចទទួលយកបានឡើយ ចំពោះបញ្ហានេះ។ ហេតុដូច្នេះទើបព្រឹទ្ធសមាជិកអាមេរិកទាំងពីរបក្ស សរុប ៧រូប បានសរសេរលិខិតរួមគ្នា ដោយជំរុញឲ្យលោក ចូ បៃដិន ដាក់សម្ពាធលើរុស្ស៊ី ដើម្បីធ្វើឲ្យចំនួនបុគ្គលិកទូតរវាងប្រទេសទាំងពីរ មានភាពសមាមាត្រ។

គួររំលឹកថា កាលពីដើមឆ្នាំ២០២១នេះ ក្រសួងការបរទេសរុស្ស៊ីក៏ធ្លាប់បានប្រកាសផងដែរ អំពីការមិនអនុញ្ញាតឲ្យសហរដ្ឋអាមេរិក ជួលបុគ្គលិកទូតជាជនជាតិរុស្ស៊ី ឬជនជាតិទីបីផ្សេងបន្ថែមទៀត ក្នុងបេសកកម្មការទូតរបស់ខ្លួននៅរុស្ស៊ី ហើយរុស្ស៊ីធ្វើបែបនេះ គឺជាការឆ្លើយតបនឹងទណ្ឌកម្ម ព្រមទាំងការបណ្តេញមន្ត្រីទូតរុស្ស៊ី ចេញពីទឹកដីសហរដ្ឋអាមេរិក៕