(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានអះអាងថា លោកបានជួបសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីចិនលោក ស៊ី ជិនពីង ស្តីអំពីស្ថានការណ៍កោះតៃវ៉ាន់ ហើយនៅក្នុងនោះមេដឹកនាំទាំងពីរ បានព្រមព្រៀងគ្នាក្នុងការប្រកាន់ខ្ជាប់នូវ កិច្ចព្រមព្រៀងកោះតៃវ៉ាន់ ខណៈភាពតានតឹងរវាងចិន និងតៃវ៉ាន់កាន់តែកើនឡើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃពុធ ទី០៦ ខែតុលា ឆ្នាំ២០២១។

លោក ចូ បៃដិន បានថ្លែងនៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ថា «ខ្ញុំបាននិយាយជាមួយលោក ស៊ី អំពីតៃវ៉ាន់។ យើងព្រមព្រៀងគ្នា... យើងនឹងប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងតៃវ៉ាន់។ យើងបានបញ្ជាក់រឿងនេះច្បាស់ ហើយខ្ញុំគិតថា លោក ស៊ី គួរតែធ្វើអ្វីៗគ្រប់យ៉ាង ដោយប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀង...»។ យ៉ាងណាក៏ដោយ ភាគីចិនមិនទាន់បញ្ចេញព័ត៌មាន អំពីកិច្ចសន្ទនានេះនៅឡើយទេ។

គួរបញ្ជាក់ថា ការលើកឡើងអំពី «កិច្ចព្រមព្រៀង» របស់លោក ចូ បៃដិន ខាងលើនេះ គឺទំនងជាសំដៅទៅលើគោលនយោបាយចិនតែមួយ ដែលសហរដ្ឋអាមេរិកក៏បានទទួលស្គាល់ និងអនុវត្តតាមអស់ជាច្រើនទសវត្សរ៍មកហើយដែរ ដោយក្នុងនោះមានចែងថា កោះតៃវ៉ាន់ត្រឹមតែជាខេត្តមួយរបស់ចិនប៉ុណ្ណោះ ហើយនិងការធានាអនាគតរបស់កោះតៃវ៉ាន់ ត្រូវតែដើរលើមាគ៌ាប្រកបដោយសន្តិភាព។

កោះតៃវ៉ាន់នៅដើមសប្តាហ៍នេះបានអះអាងថា ក្បួនយន្តហោះចម្បាំងចិនធំបំផុតមិនធ្លាប់មាន បានចល័តចូលមកកាន់តំបន់ការពារដែនអាកាស ដែលកំណត់ដោយកោះនេះ។ យន្តហោះចម្បាំងចិនសរុប ១៤៨គ្រឿង ត្រូវបានចល័តទៅកាន់ភាគនិរតីនៃកោះតៃវ៉ាន់ សម្រាប់ពេល ៤ថ្ងៃ (គិតចាប់ពីថ្ងៃសុក្រសប្តាហ៍មុន) ដែលជាឱកាសចិនប្រារព្ធបុណ្យជាតិ ហើយវាក៏បានកើតមានឡើងបន្ទាប់ពីសហរដ្ឋអាមេរិក នៅចំពោះមុខអង្គការសហប្រជាជាតិ (UN) បានប្តេជ្ញាជួយកោះតៃវ៉ាន់ ចូលរួមវេទិកាថ្នាក់អន្តរជាតិផងដែរ៕