(វ៉ាស៊ីនតោន)៖ អ្នកវិទ្យាសាស្ត្រជនជាតិអាមេរិកដើមកំណើតជប៉ុនលោក Syukuro Manabe និងជនជាតិអាល្លឺម៉ង់លោក Klaus Hasselmann ព្រមទាំងលោក Klaus Hasselmann ដែលអ្នកវិទ្យាសាស្ត្រជនជាតិអ៊ីតាលី បានឈ្នះពានរង្វាន់ណូបែលផ្នែករូបវិទ្យា សម្រាប់គំរូអាកាសធាតុ និងការយល់ដឹងអំពីប្រព័ន្ធរាងកាយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៥ ខែតុលា ឆ្នាំ២០២១។

សេចក្តីប្រកាសរបស់គណៈវិនិច្ឆ័យបានធ្វើឡើងនៅថ្ងៃអង្គារនេះ មួយខែមុនកិច្ចប្រជុំកំពូលអាកាសធាតុ COP26 នៅទីក្រុង Glasgow ដែលប្រធានបទ «ការកើនឡើងកំដៅផែនដី» នឹងស្ថិតកំពូលតារាង នៃរបៀបវារៈ។

លោក Manabe អាយុ៩០ឆ្នាំ និងលោក Hasselmann អាយុ៨៩ឆ្នាំ បានចែករំលែកពាក់កណ្តាល នៃប្រាក់រង្វាន់ក្នុងចំនួនទឹកប្រាក់១០លានក្រូន ឬស្មើនឹង១.១លានដុល្លារអាមេរិក សម្រាប់ការស្រាវជ្រាវរបស់ពួកលោកអំពីគំរូអាកាសធាតុ ខណៈដែលលោក Parisi វ័យ៧៣ ឆ្នាំបានឈ្នះពាក់កណ្តាលទៀត នៃពានរង្វាន់សម្រាប់ការងាររបស់លោក ទាក់ទងនឹងការរកឃើញភាពមិនប្រក្រតី និងការប្រែប្រួលនៅក្នុងប្រព័ន្ធរាងកាយ។

គណៈកម្មាធិការណូបែលផ្នែករូបវិទ្យាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «លោក Syukuro Manabe និងលោក Klaus Hasselmann បានបង្កើតមូលដ្ឋានគ្រឹះនៃចំណេះដឹងអំពីអាកាសធាតុនៅលើផែនដី និងរបៀបដែលមនុស្សជាតិមានឥទ្ធិពលលើវា។ ចំណែកលោក Giorgio Parisi ត្រូវបានផ្តល់រង្វាន់សម្រាប់ការរួមចំណែកបដិវត្តន៍របស់លោក ចំពោះទ្រឹស្តីរូបធាតុមិនប្រក្រតី និងដំណើរការចៃដន្យ»