(ម៉ូស្គូ)៖ បណ្តាញទំនាក់ទំនងសង្គមរុស្ស៉ីត្រូវបានគេរាយការណ៍ថា មានការកើនឡើងសកម្មភាពខ្លាំង កំឡុងពេលដែល Facebook បានគាំងដំណើរនៅទូទាំងប្រទេសកាលពីថ្ងៃចន្ទ ខណៈទីក្រុងម៉ូស្គូបាននិយាយថា នេះជាសញ្ញាដែលបង្ហាញថារុស្ស៉ីមានសិទ្ធិក្នុងការអភិវឌ្ឃវេទិកាអ៊ីនធឺណិត និងបណ្តាញសង្គមដែលមានអធិបតេយ្យផ្ទាល់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៥ ខែតុលា ឆ្នាំ២០២១។

លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ីបាននិយាយ ក្នុងកំឡុងពេលគាំងដំណើរម៉ោងជិត៦ ម៉ោងរបស់ក្រុមហ៊ុន Facebook កាលពីល្ងាចថ្ងៃចន្ទថា «វាជាចំលើយចំពោះសំណួរដែលសួរថា តើយើងត្រូវការបណ្តាញសង្គម និងវេទិកាអ៊ិនធឺណិតផ្ទាល់ខ្លួនដែរឬទេ»។

Facebook បានស្តីបន្ទោសទៅលើការផ្លាស់ប្តូរការកំណត់រចនាសម្ព័ន្ធមិនត្រឹមត្រូវ ដែលបានរារាំងអ្នកប្រើប្រាស់ចំនួន៣.៥ ពាន់លាននាក់របស់ខ្លួន មិនឲ្យចូលទៅប្រើប្រាស់សេវាកម្មដូចជា WhatsApp, Instagram និង Messenger។

គួរបញ្ជាក់ថា នៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) កម្មវិធី Facebook, Instagram, WhatsApp និង Messenger បានជាប់គាំងនៅទូទាំងពិភពលោកតែម្តង អស់រយៈពេលជិត៦ម៉ោង ទើបអាចត្រឡប់ទៅដំណើរការដូចប្រក្រតីវិញ។ ក្នុងថ្ងៃដដែល តម្លៃហ៊ុនរបស់ក្រុមហ៊ុនបណ្តាញសង្គមយក្សនេះ បានធ្លាក់ចុះ៤.៩ភាគរយ ដែលជាហេតុធ្វើឲ្យតម្លៃទ្រព្យសម្បត្តិរបស់លោក Zuckerberg ត្រូវថយចុះរហូតដល់ជាង ៦ពាន់លានដុល្លារផងដែរ គឺធ្លាក់ទៅត្រឹម១២១.៦ពាន់លានដុល្លារ៕