(ភ្នំពេញ)៖ យើងនៅចាំបានថា Donald Trump អតីតប្រធានាធិបតីអាមេរិក ធ្លាប់បានបញ្ជាក់យ៉ាងច្បាស់រួចមកហើយថា «ផលប្រយោជន៍របស់អាមេរិកជាអាទិភាព» ដែលនេះជាគោលបំណងពិតប្រាកដរបស់អាមេរិករៀងរហូតមក។ ការពិត ពាក្យស្លោកដ៏មានប្រជាប្រិយភាពនេះ បានបង្កប់នៅក្នុងនយោបាយរបស់អាមេរិក តាំងពីពេលដែលប្រទេសនេះត្រូវបានបង្កើតឡើង ហើយនៅបន្តជាទង្វើរហូតមកដល់ពេលនេះ។

ជាក់ស្តែងក្រោយពីសម្ព័ន្ធភាពថ្មីរួមមានប្រទេសអូស្រ្តាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដែលហៅកាត់ថា AUKUS ប្រកាសជាផ្លូវការកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ លោក Joe Biden ប្រធានាធិបតីអាមេរិកកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ បានស្នើជួបនិយាយទូរស័ព្ទជាមួយលោក Emmanuel Macron ប្រធានាធិបតីបារាំង ដើម្បីបន្សាបកំហឹងរបស់បារាំង ជុំវិញរឿងដែលអូស្រ្តាលីហែកចោលកិច្ចសន្យាទិញនាវាមុជទឹកបារាំង ដើម្បីទិញនាវាមុជទឹករបស់អាមេរិកវិញ។

សំណុំរឿងនេះ បង្កឲ្យមានភាពតានតឹងដ៏ខ្លាំងនិងដ៏កម្ររវាងប្រទេសសម្ព័ន្ធមិត្តបារាំង អាមេរិក និងអូស្ត្រាលី។ នេះជាការបង្ហាញយ៉ាងច្បាស់ថា បស្ចិមប្រទេសតែងអនុវត្តដោយម៉ឺងម៉ាត់នូវទស្សនៈ ដែលបានលើកឡើងថា «គ្មានឡើយភាពជាមិត្តអមតៈ ហើយក៏គ្មានភាពជាសត្រូវរៀងរហូតដែរ គឺមានតែផលប្រយោជន៍ទើបមានភាពនិរន្តរ៍»។ ដើម្បីផលប្រយោជន៍របស់ខ្លួន អាមេរិកមិនបានស្ទាក់ស្ទើរក្នុងការបង្កើនល្បឿន ឱ្យអូស្រា្តលីសម្រេចលុបចោលកិច្ចសន្យាទិញនាវាមុជទឹក ពីបារាំងចំនួន១២គ្រឿងដែលមានតម្លៃ៣១ពាន់លានអឺរ៉ូ។

អ្វីដែលយើងមិនអាចភ្លេច ឬមើលរំលងនោះទេថា លោក Joe Biden ប្រធានាធិបតីអាមេរិកបាននិយាយច្បាស់ៗថា អាមេរិក ត្រូវតែដកកងទ័ពចេញពីអាហ្វហ្កានីស្ថាន ព្រោះអាមេរិកទៅអាហ្វហ្កានីស្ថាន មិនមែនដើម្បីទៅជួយកសាងប្រទេសនេះឡើយ។ វាជាសិទ្ធិ និងការទទួលខុសត្រូវរបស់ប្រជាជន អាហ្វហ្កានីស្ថានតែមួយគត់ក្នុងការសម្រេចអនាគតរបស់ខ្លួន។ នេះជាការសរបញ្ជាក់យ៉ាងច្បាស់ថា អាមេរិកផ្ទុយពីមិនបានជួយដល់ប្រទេសណាមួយសម្រាប់ការអភិវឌ្ឍ ថែមទាំងបានបន្សល់ទុកនូវទុក្ខវេទនាជាច្រើន ដូចទៅនឹងប្រសាសន៍របស់លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីបានថ្លែងថា «២០ឆ្នាំ (២០១១-២០២១) របស់សហរដ្ឋអាមេរិក នៅលើទឹកដីអាហ្វហ្កានីស្ថាន គឺជាសោកនាដកម្ម»។

អ្វីដែលអាមេរិកធ្លាប់បានសន្យា និងបានលើកឡើងស្ទើរតែរាល់គោលនយោបាយរបស់ខ្លួននោះគឺទ្រឹស្តីពហុភាគីនិយម តែទ្រឹស្តីដែលលោក Joe Biden តែងបានអះអាង គឺបានធ្វើឲ្យក្រុមប្រទេសសម្ព័ន្ធមិត្តមានការខកចិត្តខ្លាំងណាស់ ហើយទង្វីរបស់អាមេរិកបានអនុវត្តដោយគ្មានការពិគ្រោះយោបល់ ជាមួយក្រុមប្រទេសសម្ព័ន្ធមិត្ត ដូចដែលមានឧទាហរណ៍ពី ការដកទ័ពយ៉ាងតក់ក្រហល់ចេញពីអាហ្វហ្កានីស្ថាន និងសម្ព័ន្ធភាព AUKUS ជាដើម។ តាមរយៈសម្ព័ន្ធភាព AUKUS នេះហើយ ដែលអាមេរិកបានអូសទាញអូស្ត្រាលី ឲ្យបោះបង់ចោលកិច្ចសន្យាទិញនាវាមុជទឹកបាតសមុទ្ររបស់បារាំង បើទោះបីជាដឹងថាករណីនេះនឹងធ្វើឲ្យបារាំង ខឹងអាក់អន់ចិត្តយ៉ាងណាក៏ដោយ។ ក្នុងនាមជាប្រទេសមហាអំណាច និងក្នុងនាមជាសម្ព័ន្ធមិត្ត បារាំងនៅតែត្រូវបានអាមេរិកមើលងាយ តើយើងអាចនឹងរំពឹងជាមិត្តជាមួយអាមេរិក ឬជឿថាអាមេរិកនឹងផ្តល់សន្តិភាពដល់តំបន់ ទ្វីប ឬពិភពលោកដោយរបៀបណា?

សម្រាប់បារាំង យើងនឹងមើលឃើញច្បាស់ពីមេរៀន នៃភាពរមិលគុណរបស់អាមេរិក ដោយសារតែ សម្ព័ន្ធភាព AUKUS ជាទឡ្ហីករណ៍កាន់តែច្បាស់ ពីភាពដែលមិនត្រឹមតែមិនដឹងគុណដល់បារាំងទេ ថែមទាំងរមិល គុណចំពោះបារាំងទៀតផង ព្រោះប្រសិនបើយើងក្រឡកនៅប្រវត្តិសាស្រ្តរបស់អាមេរិក យើងនឹងឃើញថា កាលពី២៤០ឆ្នាំមុន គឺនៅឆ្នាំ១៧៨១ បារាំងជួយច្បាំងនិងបណ្តេញអង់គ្លេស ទើបអាមេរិកមានឱកាសទទួលបានឯករាជ្យពីចក្រភពអង់គ្លេស។ ប៉ុន្តែឆ្នាំ២០២១ ដែលជាខួប២៤០ឆ្នាំ គឺនៅចំថ្ងៃដែលគោរពដឹងគុណបារាំង បែរជាអាមេរិកមើលងាយបារាំង និងរុញបារាំងចេញពីកិច្ចសន្យាជាមួយអូស្ត្រាលី ហេតុនេះទើបបានជាលោក Jean-Yves Le Drian រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសបារាំង បានប្រើឃ្លាមួយទៅកាន់អាមេរិកថា Stab in the Back មានន័យថាការចាក់មិត្តភក្តិខ្លួនឯងពីក្រោយខ្នង។

លើសពីនេះ ឆ្លើយតបនឹងសម្ព័ន្ធភាព AUKUS លោក Emmanuel Macron បានថ្លែងថា «អឺរ៉ុបត្រូវតែឈប់ឆោតខ្លៅទៀតទៅ»។
ផ្តើមពីសម្ព័ន្ធភាពថ្មី AUKUS អាមេរិក និងអូស្ត្រាលីបានកិច្ចព្រមព្រៀងផ្តល់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ នឹងធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាព សន្តិភាពក្នុងតំបន់យ៉ាងធ្ងន់ធ្ងរ និងជាកត្តាលីករជំរុញឱ្យមានការប្រកួតប្រជែងសព្វាវុធ។

ដូចទៅនឹងអ្វីដែលយើងបានបង្ហាញ និងយោងខាងលើយ៉ាងច្បាស់ឥតប្រកែកបានចំពោះទង្វីរបស់ អាមេរិកដែលជាប្រទេសឈ្មួញសង្គ្រាម ហើយបានបង្កនូវវិនាសកម្មជាច្រើនសម្រាប់ពិភពលោក ការបង្កើតឡើងនូវ សម្ព័ន្ធភាព AUKUS នេះ គឺជាការបន្ថែមបរិមាណទីតាំងសង្គ្រាមសម្រាប់ពិភពលោក ព្រោះសម្ព័ន្ធភាពនេះនឹងផ្តល់ឱ្យ មានការនាំចេញបច្ចេកវិទ្យានាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដោយអាមេរិកនិងអង់គ្លេស ទៅអូស្ត្រាលី។

វាជាអ្វីដែលយើងទាំងអស់គ្នាបានឃើញយ៉ាងច្បាស់ថា ជាឧបករណ៍នៃល្បែងភូមិសាស្ត្រនយោបាយក្នុងការវាតទីទឹកដី និងការដាក់បន្ថែមនូវបច្ចេកវិទ្យានិងមូលដ្ឋានយោធារបស់អាមេរិក នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ព្រោះចង់ឬមិនចង់ យើងបានដឹងតាមរយៈការផ្សាយព័ត៌មាន គឺនាវាមុជទឹកទាំងអស់នេះ នឹងត្រូវបានកសាងនៅប្រទេសអូស្ត្រាលី ប៉ុន្តែសហរដ្ឋអាមេរិកនឹងបញ្ជូនកម្មករ និងអ្នកជំនាញរបស់ខ្លួនដើម្បីចូលរួមក្នុងការកសាងនឹងដែរ។

លើសពីនេះ កិច្ចព្រមព្រៀងនេះបានលើកទឹកចិត្តដល់សហរដ្ឋអាមេរិកក្នុងការលក់ និងផ្ដល់ដល់កងទ័ពរបស់ប្រទេសអូស្រ្តាលី នូវសមត្ថភាពវាយប្រហារយៈចម្ងាយឆ្ងាយ ដែលក្នុងនោះរួមមានមីស៊ីលរយៈចម្ងាយឆ្ងាយមួយចំនួនដូចជាប្រភេទ Tomahawk Missile, Long Range Anti-Ship Missile, និង Precision Strike Guided Missile ជាដើម។ ការណ៍នេះ គឺវាអាចជាការប្រាស់ចាកទៅនឹង របបគ្រប់គ្រងបច្ចេកវិទ្យាមីស៊ីល (Missile Technology Control Regime, MTCR) ដែល MTCR នេះគឺជាកិច្ចព្រមព្រៀងបង្កើតឡើង នៅក្នុងឆ្នាំ១៩៨៧ ដែលវាមានគោលបំណងនៅក្នុងការហាមប្រាម ឬគ្រប់គ្រងរាលការដឹកជញ្ជូនប្រភេទមីស៊ីលទាំងឡាយណា ដែលអាចបាញ់ចេញពីចម្ងាយ៣០០គីឡូម៉ែត្រឡើងទៅ។

ដូចនេះសម្ព័ន្ធភាពថ្មីAUKUS បានផ្តល់ឱ្យអូស្រ្តាលីនូវ Tomahawk Missile ដែលអាចបាញ់ចាប់ពី១០០០គីឡូម៉ែត្រឡើងទៅ ហើយ ប្រសិនបើអាមេរិកដឹកជញ្ជូនមីស៊ីលប្រទេសនេះ មកប្រទេសអូស្ត្រាលី គឺវាប្រាស់ចាកទៅនឹងគោការណ៍ MTCR នេះដែលអូស្រ្តាលី និងអាមេរិកក៏ជាប្រទេសហត្ថលេខី នៅក្នុងកិច្ចព្រមព្រៀងនេះដែរ។ AUKUSបានផ្គើននឹងច្បាប់អន្តរជាតិ ហើយបានបង្ក និងជាឈ្នួនបំផ្ទុះសង្គ្រាមនៅក្នុងទ្វីបអាស៊ី ដែលជាពិសេសមានបណ្តាប្រទេសអាស៊ាន ដែលនៅភូមិផងរបងជាមួយនឹងអូស្ត្រាលី ហើយដែលកំពុងភ្លក្សនូវរសជាតិសន្តិភាពក្នុងតំបន់។

យើងមិនអាចភ្លេចបានទេថា បណ្តាប្រទេសមួយចំនួននៅអាស៊ាន ធ្លាប់ទទួលរងនូវការឈឺចាប់ស្រដៀងគ្នាទៅនឹងសោកនាដកម្ម ដែលប្រជាជាតិអាហ្វហ្កានីស្ថានបានទទួលនាពេលនេះ។ ២០ឆ្នាំក្នុងសង្គ្រាមនៅអាស៊ីអាគ្នេយ៍ ដែលជាវណ្ណកម្មរបស់អាមេរិកតាមរយៈ CIA ត្រូវបានបកស្រាយ និងចងក្រងទុកដោយលោក អេងប៉ូលីតសូឡារី គឺជាទឹកតាងប្រវត្តិសាស្រ្ត ដែលយើងមិនអាចប្រកែកបានពី សោកនាដកម្មដែលប្រជាជាតិនៅអាស៊ីអាគ្នេយ៍ទទួលបានក្រោមស្នាដៃនៃការបំផ្លិចបំផ្លាញសន្តិភាពរបស់អាមេរិក។

ជាក់ស្តែងនៅកម្ពុជា មានភស្តុតាងជាច្រើនណាស់ដែលបានបន្សល់ទុកដោយអាមេរិក ដូចជាសំណល់គ្រាប់បែក និងគ្រាប់មិនទាន់ផ្ទុះ ហើយជាពិសេសគ្រាប់បែកចង្កោម ដែលបានសម្លាប់ប្រជាជាតិខ្មែរស្ទើររាល់ថ្ងៃ និងបានហុចលទ្ធផលនៃភាពក្រីក្រ ពិការភាព និងការព្រាត់ប្រាស់គ្រួសារពីគ្រាប់មីន គ្រាប់មិនទាន់ផ្ទុះ និងគ្រាប់បែកចង្កោមរបស់អាមេរិកនៅកម្ពុជា។

ជារួម អាមេរិកដែលជាជាតិសាសន៍តែងប្រាថ្នាឱ្យពិភពលោក ទទួលរងនូវមហន្តរាយនៃសង្គ្រាមគ្មានលោះថ្ងៃ ទីណាដែលអាមេរិកទៅដល់ ទីនោះគ្មានថ្ងៃទទួលបាននូវសុខសន្តិភាពនោះទេ សម្ព័ន្ធភាព AUKUS ដែលកាន់តែកៀកមកក្បែរនឹង បណ្តាប្រទេសនានានៅអាស៊ាន ជាសញ្ញាដាស់តឿនដល់បណ្តាប្រទេសអាស៊ានទាំងអស់ថា ភ្លើងសង្គ្រាមនឹងអាចចាប់ផ្តើមឆាបឆេះបានគ្រប់ពេល ដែលមានអាមេរិកជាឈ្នួនសង្គ្រាម និងជាធុរជនសង្គ្រាម ហើយសន្តិភាពដែលបណ្តាប្រទេសអាស៊ាន ខិតខំដោយខ្លួនឯងដោយកម្រ និងខិតខំការពារដោយលំបាក ប្រហែលនឹងអាចបាត់បង់ក្នុងពេលឆាប់ៗ។

អាស៊ានគួរខិតខំសិក្សាពីប្រវត្តិសាស្រ្តដែល CIA បានបញ្ឆេះសង្គ្រាមនៅក្នុងតំបន់នេះកាលពីអតីតកាល ហើយរួមកម្លាំងគ្នា ប្រកៀកស្មារគ្នាក្នុងនាមជាមិត្តដ៏ល្អ ក្នុងការប្រឆាំងនឹងវត្តមានរបស់អាមេរិកហើយខិតខំរួមគ្នាជាធ្លុងមួយ ក្នុងការថែរក្សាសន្តិភាព និងការអភិវឌ្ឍតាមចក្ខុវិស័យរបស់អាស៊ី នៃសហគមន៍ជោគវាសនារួមរបស់មនុស្សជាតិ។

ដោយបណ្ឌិត ជា មុនីឫទ្ធិ