(ប៉ារីស)៖ របាយការណ៍ស៉ើបអង្កេតមួយ បានរកឃើញថា កុមារប្រមាណ៣៣០,០០០នាក់ បានរងគ្រោះដោយសារ ការរំលោភបំពានផ្លូវភេទ នៅព្រះវិហារកាតូលិក ក្នុងប្រទេសបារាំង ក្នុងរយៈពេល ៧០ឆ្នាំចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Independent នៅថ្ងៃអង្គារ ទី០៥ ខែតុលា ឆ្នាំ២០២១។

របាយការណ៍ គឺជាលទ្ធផលនៃការស៉ើបអង្កតទ្រង់ទ្រាយធំលើកដំបូងមួយ ទៅលើករណីរំលោភបំពានផ្លូវភេទលើកុមារ ដែលកើតមានជាបន្តបន្ទាប់ នៅក្នុងព្រះវិហារកាតូលិក។ ករណីរំលោភបំពាន ក្នុងរបាយការណ៍នោះ ភាគច្រើនគឺប្រមាណ ២១៦,០០០ករណី ត្រូវបានប្រព្រឹត្តដោយបព្វជិតកាតូលិកផ្ទាល់ ខណៈករណីដទៃទៀត ត្រូវបានប្រព្រឹត្តដោយ បុគ្គលផ្សេងៗ ដែលជាប់ពាក់ព័ន្ធជាមួយព្រះវិហារកាតូលិក។ ជនរងគ្រោះប្រហែល ៨០ភាគរយជាក្មេងប្រុស។

របាយការណ៍នេះ គឺជាការងាររបស់គណៈកម្មការមួយ ដែលបានធ្វើការអស់រយៈពេល០២ឆ្នាំកន្លះ ក្នុងការស្តាប់រឿងរ៉ាវរបស់ជនរងគ្រោះ ព្រមទាំងសិក្សាអំពីកំណត់ត្រាឯកសាររបស់ព្រះវិហារកាតូលិក ក៏ដូចជារបស់តុលាការ និងប៉ូលិស ដែលរក្សាទុកចាប់ពីទសវត្សរ៍ឆ្នាំ ១៩៥០មក។ សមាសភាពនៃគណៈកម្មាការនេះ រួមមានអ្នកជំនាញផ្នែកច្បាប់ វេជ្ជបណ្ឌិត ប្រវត្តិវិទូ សង្គមវិទូ និងសាសនវិទូចំនួន ២២នាក់ និងបានបង្កើតឡើងនៅឆ្នាំ២០១៨ បន្ទាប់ពីសម្តេច ប៉ាប ហ្វ្រង់ស៉ីស (Pope Francis) បានអនុម័តវិធានការមួយ ដែលតម្រូវឱ្យអ្នកដែលដឹងលឺ អំពីការរំលោភបំពានផ្លូវភេទ នៅក្នុងព្រះវិហារកាតូលិក ត្រូវរាយការណ៍ទៅថ្នាក់លើរបស់ពួកគេ។

គួរបញ្ជាក់ថា ការស្រាវជ្រាវរបស់គណៈកម្មការខាងលើ បានរកឃើញថា អាចមានបព្វជិត ឬសមាជិកដទៃទៀត យ៉ាងតិចចន្លោះពី ២,៩០០-៣,២០០នាក់ ដែលបានប្រតិបត្តិការនៅក្នុងព្រះវិហារកាតូលិក កាលពីឆ្នាំ១៩៥០-ឆ្នាំ២០២០៕