(អាប៊ូដាប៊ី)៖ នៅថ្ងៃអង្គារនេះ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម បានប្រកាសពីគម្រោងបេសកកម្មអវកាសថ្មីៗ គឺការបញ្ជូនយានឲ្យទៅធ្វើការស្រាវជ្រាវ ភពសុក្រ (Venus) ក៏ដូចជាអាចម៍ផ្កាយមួយចំនួន នៅតំបន់ខ្សែក្រវាត់អាចម៍ផ្កាយនៃប្រព័ន្ធព្រះអាទិត្យ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Alarabiya នៅថ្ងៃអង្គារ ទី០៥ ខែតុលា ឆ្នាំ២០២១។

ព្រះអង្គម្ចាស់ស្នងរាជ្យប្រចាំទីក្រុងអាប៊ូដាប៊ី ម៉ូហាំម៉េដ ប៊ីន ហ្សាយីដ (Mohammed bin Zayed) បានបង្ហោះសារលើបណ្តាញសង្គម Twitter ថា «ការបង្កើតគម្រោងបេសកកម្មអវកាសថ្មី ដើម្បីទៅស្រាវជ្រាវភពសុក្រ និងតំបន់ខ្សែក្រវាត់អាចម៍ផ្កាយ កំណត់នូវគោលដៅប្រកបដោយមហិច្ឆតាថ្មីទៀត សម្រាប់កម្មវិធីអវកាសនៃប្រទេសយើង។ អេមីរ៉ាត់អារ៉ាប់រួមមានការប្តេជ្ញាខ្ពស់ថា នឹងចូលរួមចំណែកដោយមានអត្ថន័យ ចំពោះការងាររុករកទីអវកាស ការស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត និងការស្វែងយល់អំពីប្រព័ន្ធព្រះអាទិត្យ»។

គួរបញ្ជាក់ថា កាលពីខែកុម្ភៈ ឆ្នាំ២០២១ យានផ្កាយរណបមួយគ្រឿងឈ្មោះថា Hope របស់អេមីរ៉ាត់អារ៉ាប់រួម បានធ្វើដណើរទៅដល់គន្លងក្បែរភពអង្គារ (Mars) ហើយឥឡូវនេះ វាកំពុងបន្តប្រមូលទិន្នន័យផ្សេងៗ អំពីបរិយាកាសរបស់ភពក្រហមនោះ៕