(ការ៉ាកាស)៖ ប្រទេសវ៉េណេស៊ុយអេឡា នឹងបើកព្រំដែនរបស់ខ្លួនឡើងវិញជាមួយប្រទេសកូឡុំប៊ី នៅថ្ងៃអង្គារនេះ បន្ទាប់ពីការបិទអស់រយៈពេលជិត៣ឆ្នាំ ដោយសារភាពតានតឹងផ្នែកនយោបាយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៥ ខែតុលា ឆ្នាំ២០២១។

ប្រទេសវ៉េណេស៊ុយអេឡា បានបិទព្រំដែនរបស់ខ្លួនជាមួយប្រទេសប្រទេសកូឡុំប៊ី កាលពីខែកុម្ភៈ ឆ្នាំ២០១៩ ដោយសារក្រុមប្រឆាំងវ៉េណេស៊ុយអេឡា ដែលគាំទ្រដោយកូឡុំប៊ី និងសហរដ្ឋអាមេរិក បានព្យាយាមនាំយកជំនួយមនុស្សធម៌ ចូលមកក្នុងប្រទេស តាមរយៈព្រំដែនគោករបស់ខ្លួនជាមួយប្រទេសកូឡុំប៊ី ដែលជាផ្នែកនៃកិច្ចប្រឹងប្រែង ដើម្បីផ្ដួលរំលំប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro)។

ប៉ុន្តែកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ អនុប្រធានាធិបតីវ៉េណេស៊ុយអេឡា លោកស្រី ឌែលស៉ី រ៉ូទ្រីហ្គែស (Delcy Rodriguez) បាននិយាយនៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍រដ្ឋមួយថា «ដោយការគិតគូពីប្រជាជនរបស់យើង នៅក្នុងភាតរភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជនកូឡុំប៊ី និងវ៉េណេស៊ុយអេឡា លោក Nicolas Maduro បានសម្រេចចិត្តបើកច្រកឆ្លងកាត់ឡើងវិញសម្រាប់ពាណិជ្ជកម្ម»

គួរបញ្ជាក់ថា បើតាមលោក ហ្រ្វេដឌី បឺណាល់ (Freddy Bernal) អ្នកតំណាងរដ្ឋាភិបាលលោក Maduro នៅរដ្ឋតាឈីរ៉ា (Tachira) ភាគខាងលិចប្រទេសវ៉េណាស៉ុយអេឡា ដែលស្ថិតនៅជាប់ព្រំដែនប្រទេសកូឡ៉ំប៊ី បានឱ្យដឹងថា ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលមានព្រំប្រទល់ជាប់គ្នាប្រវែង ២.២១៩គីឡូម៉ែត្រ អាចរកប្រាក់ចំណូលបានប្រមាណ ៧ពាន់លានដុល្លារក្នុងមួយឆ្នាំ មុនពេលព្រំដែនត្រូវបានបិទ៕