(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នៅថ្ងៃអង្គារនេះ បាននិយាយថា រូបលោកសង្ឃឹមថា ភាពតានតឹងផ្នែកការទូតថ្មីៗនេះ ជាមួយប្រទេសអាល់ហ្សេរី នឹងអាចថយចុះកម្តៅទៅវិញ ក្នុងពេលឆាប់ៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៥ ខែតុលា ឆ្នាំ២០២១។

នៅក្នុងបទសម្ភាសន៍មួយ ជាមួយវិទ្យុបារាំង France Inter លោកប្រធានាធិបតីបារាំង បានលើកឡើងយ៉ាងដូច្នេះថា «ការចង់បានរបស់ខ្ញុំ គឺពួកយើងអាចបន្ធូរបន្ថយភាពតានតឹងឲ្យស្ងប់ទៅវិញ ព្រោះខ្ញុំគិតថា ការជជែកវែកញែកគ្នាគឺជារឿងប្រសើរជាង ដើម្បីបោះជំហានឆ្ពោះទៅរក ការដោះស្រាយបញ្ហា»។ លោក ម៉ាក្រុង បានបន្ថែមថា លោកមានទំនាក់ទំនងរាក់ទាក់ ជាមួយប្រធានាធិបតីអាល់ហ្សេរី។

កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន អាល់ហ្សេរីបានកោះហៅទូតរបស់ខ្លួន ប្រចាំទីក្រុងប៉ារីស ឲ្យត្រឡប់មកប្រទេសវិញ ក្រោមហេតុផលថា ដោយសារពាក្យសម្តីរបស់លោក ម៉ាក្រុង ដែលបើតាមកាសែតបារាំង ឡឺម៉ង់ (Le Monde) លោក ម៉ាក្រុង បាននិយាយថា អ្នកដឹកនាំរបស់អាល់ហ្សេរី បានបំភ្លៃប្រវត្តិសាស្រ្តនៃសម័យអាណានិគមរបស់ខ្លួន ដោយឈរលើផ្នត់គំនិតស្អប់ប្រទេសបារាំង។ នៅថ្ងៃអាទិត្យសប្តាហ៍ដដែល អាល់ហ្សេរីក៏បានបិទដែនអាកាសខ្លួន មិនឲ្យយន្តហោះយោធាបារាំង ហោះឆ្លងកាត់ថែមទៀត។

គួរបញ្ជាក់ថា ភាពតានតឹងរវាងប្រទេសទាំងពីរ បានចាប់ផ្តើមលេចឡើងកាលពីក្នុងសប្តាហ៍មុន នៅពេលបារាំងបានប្រកាសថា ខ្លួននឹងកាត់បន្ថយចំនួនទិដ្ឋាការ សម្រាប់ពលរដ្ឋនៃបណ្តាប្រទេសនៅតំបន់អាហ្រ្វិកខាងជើង ដោយពេលនោះ អាល់ហ្សេរីបានចេញមុខជំទាស់ផ្លូវការ៕