(តៃប៉ិ)៖ នាយករដ្ឋមន្រ្តីតៃវ៉ាន់ លោក ស៊ូ សេង ចាង (Su Tseng-chang) នៅថ្ងៃអង្គារនេះ បាននិយាយថា តៃវ៉ាន់ត្រូវតែប្រុងជើងការខ្ពស់ឲ្យជាប់ជានិច្ច ចំពោះសកម្មភាពយោធាកាន់តែសម្បើមឡើងៗ របស់ប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៥ ខែតុលា ឆ្នាំ២០២១។

លោកនាយករដ្ឋមន្រ្តីតៃវ៉ាន់ បានធ្វើការលើកឡើងដូចខាងលើ បន្ទាប់ពីនៅថ្ងៃចន្ទម្សិលមិញ យន្តហោះយោធាចិនសរុបដល់ទៅ៥៦គ្រឿង បានហោះចូលតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់ ដែលវាជាចំនួនច្រើនបំផុតគិតមកទល់ពេលនេះ។ ក្នុងរយៈពេល ៤ថ្ងៃចុងក្រោយ តៃវ៉ាន់បានរាយការណ៍ពី វត្តមានយន្តហោះយោធាសរុប១៤៨គ្រឿង របស់កងទ័ពអាកាសចិន នៅផ្នែកខាងត្បូងនិងនិរតីនៃតំបន់ការពារដែនអាកាសខ្លួន។

បើតាមតៃវ៉ាន់ សកម្មភាពយោធាទាំងនេះរបស់ចិន មានគោលបំណងធ្វើឲ្យកងកម្លាំងតៃវ៉ាន់នឿយហត់ តាមរយៈការបង្ខំឲ្យពួកគេប្រឹងប្រែង ចល័តកម្លាំងម្តងហើយម្តងទៀត ដើម្បីបណ្តេញក្បួនយន្តហោះចិន ព្រមទាំងដើម្បីតេស្តមើលសមត្ថភាពឆ្លើយតប របស់តៃវ៉ាន់ផងដែរ។

គួរបញ្ជាក់ថា ចិនចាត់ទុកកោះតៃវ៉ាន់ ត្រឹមជាខេត្តមួយប៉ុណ្ណោះរបស់ខ្លួន និងមិនបានទម្លាក់ចោល នូវជម្រើសចូលកាន់កាប់ដែនកោះនេះ ដោយប្រើកងម្លាំងបាយឡើយ ប្រសិនបើចាំបាច់។ ចំណែកខាងតៃវ៉ាន់អះអាងថា ខ្លួនជាប្រទេសឯករាជ្យមួយ ហើយនឹងការពារសិទ្ធិសេរី ក៏ដូចជាលទ្ធិប្រជាធិបតេយ្យរបស់ពួកគេ ឲ្យអស់ពីលទ្ធភាព៕