(បាងកក)៖ កាលពីឆ្នាំ១៦៧៧, ព្រះមហាក្សត្រថៃ ព្រះនាម រាមាធិបតីទី៣ (Ramathibodi III) មានក្ដីសុបិនដ៏ធំមួយ។ ព្រះអង្គបានបញ្ជូនក្រុមវិស្វករឱ្យចុះទៅសិក្សាពី លទ្ធភាពក្នុងការជីកផ្លូវទឹកដ៏ធំមួយកាត់តាមច្រកសមុទ្រ នៃឧបទ្វីបម៉ាឡេ ដែលជាទូទៅគម្រោងនេះត្រូវបានគេហៅថា «ព្រែកជីកក្រា» ឬ Kra Canal ដើម្បីបើកផ្លូវ ពាណិជ្ជកម្មដោយផ្ទាល់មួយរវាងថៃ និងភូមា (មីយ៉ាន់ម៉ា)។ គម្រោងព្រែកជីកនេះត្រូវគេប្រដូចទៅនឹង «ព្រែកជីស៊ុយអេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍»

ក្រុមវិស្វករថៃនៅពេលនោះ បានត្រឡប់មកវិញដោយបរាជ័យដោយសារតែគម្រោងព្រែកជីកនេះមិនអាចធ្វើទៅរួច។ តែមកទល់នឹងសព្វថៃ គម្រោងនេះក៏ប្រហែលជា នឹងពិបាកទៅរួចដូចគ្នាដែរ ឬក៏ថៃនឹងត្រូវជជែកពីគម្រោងនេះរាប់រយឆ្នាំទៅមុខទៀតក៏ថាបាន។ គម្រោងព្រែកជីកក្រា មិនត្រូវបានបោះបង់់ចោលឡើយដោយកាលពី ពេលថ្មីៗនេះ វាត្រូវបានគេយកមកធ្វើជាប្រធានបទជជែកយ៉ាងផុលផុសឡើងវិញ នៅក្នុងប្រទេសថៃ។ ព្រែកជីកក្រាត្រូវបានគេមើលឃើញថាគឺជាជម្រើស «ផ្លូវវាងមួយដ៏សំខាន់» នៃផ្លូវដ៏វែងអន្លាយ និងណែនណាន់តាន់តាប់ កាត់តាមច្រកសមុទ្រម៉ាឡាកា (Strait of Malacca) ដែលជាច្រកសមុទ្រមួយរត់កាត់ចន្លោះរវាង ម៉ាឡេស៊ី, ឥណ្ឌូណេស៊ី និងសិង្ហបុរី ហើយតំណាងឱ្យ ២៥ភាគរយនៃការជួញដូរទំនិញរបស់ពិភពលោក។

កាលពីអតីតកាល បារាំងធ្លាប់មានបំណងសាងសង់ព្រែកជីកក្រាដែរ ខណៈអង់គ្លេសរារាំង រីឯរដ្ឋាភិបាលថៃនៅតែបន្តសិក្សាពីលទ្ធភាពស្ថាបនាព្រែកជីកនេះ។ បើតាម ក្រុមតំណាងរាស្ត្រថៃ, ចិនប្រហែលជាមានមហិច្ឆតាចូលរួមស្ថាបនាព្រែកជីកក្រា តែវាមិនមែនជារឿងងាយស្រួលទេ។ ពិតមែនទៅ គំនិតបង្កើតផ្លូវសមុទ្រមួយតភ្ជាប់ ឈូងសមុទ្រថៃ និងសមុទ្រអាន់ដាម៉ាន់ (Andaman) ត្រូវបានរដ្ឋាភិបាលថៃទាត់ចោលកាលពីឆ្នាំ២០២០ ហើយក្ដីសុបិននៃគម្រោងព្រែកជីកក្រា ក៏បានប្រែក្លាយទៅជា គម្រោង «Thai Land Bridge» វិញផងដែរ។ «Thai Land Bridge» នេះជាគម្រោងសាងសង់បណ្ដាញផ្លូវហាយវ៉េ និងផ្លូកដែកសម្រាប់ការដឹកជញ្ជូនទំនិញទៅ និងមក កំពង់ផែសមុទ្រទឹកជ្រៅ ពីមួយទៅមួយផ្សេងទៀត។

នៅក្នុងករណីត្រូវបានសាងសង់ឡើងពិតមែន នោះគម្រោង Thai Land Bridge នឹងផ្ដល់ជម្រើស «ផ្លូវវាងមួយ» ដ៏ប្រសើរដោយអាចកាត់បន្ថយចម្ងាយធ្វើដំណើរបាន ១,២០០គីឡូម៉ែត្រ និងចំណេញពេលវេលាយ៉ាងហោចក៏ ២ ទៅ៣ថ្ងៃដែរ ធៀបទៅនឹងការធ្វើដំណើរកាត់តាមផ្លូវទឹកដ៏មមាញឹកនៃច្រកសមុទ្រ Malacca។ មិនតែប៉ុណ្ណោះ វាថែមទាំងអាចសន្សំសំចៃថ្លៃដឹកជញ្ជូន ព្រមទាំងកាត់បន្ថយហានិភ័យត្រូវចោរសមុទ្រប្លន់ជាដើម។

និយាយចិនវិញ, ក៏មានចំណាប់អារម្មណ៍ខ្លាំង និងកាន់តែច្បាស់ចំពោះគម្រោងព្រែកជីកក្រារបស់ថៃដែរ។ សន្តិសុខថាមពលចិនពឹងផ្អែកយ៉ាងខ្លាំងលើការដឹកជញ្ជូនប្រេង និងឧស្ម័នកាត់តាមច្រកសមុទ្រ Malacca។ បើតាមការវាយតម្លៃ, ៨០ភាគរយនៃការនាំចូលថាមពលរបស់ចិនត្រូវឆ្លងកាត់តំបន់ជាច្រើននៃច្រកសមុទ្រ Malacca។ តែអ្វី ដែលសំខាន់បច្ចុប្បន្ន ចិនមានជម្លោះដែនទឹកជាមួយម៉ាឡេស៊ីនៅឯសមុទ្រចិនខាងត្បូង ហើយក៏មានជម្លោះដែនទឹកជាមួយឥណ្ឌូណេស៊ីដែរ។ បញ្ហាធំសម្រាប់ចិន គឺស្ថិត នៅត្រង់នេះឯង ដោយសេដ្ឋកិច្ចចិនទាំងមូលអាចនឹងរង្គោះរង្គើរ ប្រសិនបើជម្លោះដែនទឹកជំរុញឱ្យម៉ាឡេស៊ី ឬឥណ្ឌូណេស៊ី បិទខ្ទប់ ឬបង្កការរាំងស្ទះដល់ការធ្វើដំណើរ របស់កប៉ាល់ចិនកាត់តាមច្រកសមុទ្រ Malacca ឬក៏ឥណ្ឌាបិទខ្ទប់ផ្លូវទឹករបស់ខ្លួនមិនឱ្យចិនឆ្លងកាត់ដោយសារតែរឿងជម្លោះព្រំដែន នៅថ្ងៃណាមួយ។

ការព្រួយបារម្ភ និងមហិច្ឆតារបស់ចិនត្រូវបានស្ដែងឡើង តាមរយៈបង្កើតគម្រោងបំពង់បង្ហូរប្រេង និងឧស្ម័នជាមួយមីយ៉ាន់ម៉ា ហើយនៅឆ្នាំ២០០៥ របាយការណ៍មួយ របស់ក្រសួងការពារជាតិអាមេរិកបានបង្ហើបឱ្យដឹងថាចិនកំពុងពិចារណាវិនិយោគលើគម្រោងព្រែកជីកក្រារបស់ថៃ។ ការគ្រប់គ្រងផ្លូវដឹកជញ្ជូនមួយកាត់តាមប្រទេសថៃ នឹងអនុញាតឱ្យចិន មិនត្រឹមតែអាចពង្រឹងសន្តិសុខថាមពលរបស់ខ្លួនប៉ុណ្ណោះទេ តែវាអាចឱ្យចិន «មានផ្លូវក្រោយមួយ» ទុកប្រើនៅក្នុងករណីដែលមានការបិទឧ្ទប់ ច្រកសមុទ្រណាមួយប្រឆាំងនឹងខ្លួន។

បើតាមក្រុមអ្នកជំនាញ ចិនអាចមានប្រយោជន៍យ៉ាងធំពីគម្រោងព្រែកជីកក្រា ជាជាងគម្រោង «Thai Land Bridge»។ ពីព្រោះថាព្រែកជីក វាស័ក្តិសមនឹងយុទ្ធសាស្ត្រ ផ្លូវសូត្រសមុទ្រ ឬគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ចិន។ ពោលប្រសិនបើ ព្រែកជីកក្រាត្រូវបានសាងសង់មែន នោះចិននឹងមិនចាំបាច់ត្រូវបញ្ជូនកប៉ាល់ដឹកទំនិញរបស់ខ្លួនឱ្យធ្វើដំណើរកាត់តាមច្រកសមុទ្រ Malacca ជាទីដែលសហរដ្ឋអាមេរិកមានឥទ្ធិពលខ្លាំងទៀតនោះទេ ហើយវាក៏បង្កភាពងាយស្រួយដល់នាវាចម្បាំងចិនអាចធ្វើប្រតិបត្តិការ ឬធ្វើដំណើរចូលទៅកាន់មហាសមុទ្រឥណ្ឌាផងដែរ។

ដូច្នេះ ការកែប្រែគម្រោងព្រែកជីកក្រា ទៅជាគម្រោង Thai Land Bridge អាចនឹងប៉ះពាល់ដល់មហិច្ឆតារបស់ចិន។ តែសម្រាប់ថៃវិញ ត្រូវបានគេមើលឃើញថាអាចនឹង ជ្រើសរើសយកគម្រោង Thai Land Bridge ច្រើនជាង ខណៈរដ្ឋមន្ត្រីដឹកជញ្ជូនថៃ លោក Saksayam Chidchob កាលពីខែមិថុនាកន្លងទៅនេះក៏ធ្លាប់លើកឡើងដែរថា គម្រោងនេះអាចនឹងជាឱកាសមួយឱ្យថៃត្រឡប់ក្លាយទៅជាប្រទេស «ខ្លាសេដ្ឋកិច្ច» ក្នុងតំបន់អាស៊ីអាគ្នេយ៍សាជាថ្មី។ វាមានហេតុផលសំខាន់ៗមួយចំនួនដែលគេយល់ថា ថៃអាចនឹងជ្រើសរើសយក Thai Land Bridge ក្នុងនោះរួមមាននៅត្រង់ថាការសាងសង់ប្រព័ន្ធផ្លូវថ្នល់ និងផ្លូវដែក គឺវាមានភាពងាយស្រួលជាងការជីកព្រែក រីឯតម្លៃវិញ ក៏ថោកជាងដែរ នៅក្នុងបរិបទដែលសេដ្ឋកិច្ចថៃកំពុងរងផលប៉ះពាល់ស្រាប់ដោយសារ COVID-19។ គម្រោងព្រែកជីកក្រា ត្រូវបានគេប៉ាន់ប្រមាណថានឹងត្រូវចំណាយ ប្រាក់អស់ជាង ៥៥ពាន់លានដុល្លារក្នុងការសាងសង់ រី ឯគម្រោង Thai Land Bridge អាចនឹងត្រូវចំណាយប្រាក់ត្រឹមតែ ១.៨៥ពាន់លានដុល្លារប៉ុណ្ណោះ។ នេះបើតាម វិទ្យាស្ថាន ISEAS-Yusof Ishak មានមូលដ្ឋាននៅសិង្ហបុរី។

បញ្ហាមួយដែលកាន់តែស្មុគស្មាញ ដែលធ្វើឱ្យគម្រោងព្រែកជីកក្រាពិបាកនឹងទៅរួច នោះគឺរដ្ឋាភិបាលថៃកំពុងតស៊ូប្រឆាំងជាមួយក្រុមឧទ្ទាមផ្ដាច់ទឹកដីនៅឯភាគខាងត្បូង នៃប្រទេស។ ម្លោះហើយ មានការព្រួយបារម្ភថាគម្រោងព្រែកជីក្រា អាចនឹងពុះចែកតំបន់ភាគខាងត្បូងនៃប្រទេសជាពីរ ដែលនេះអាចនឹងកាន់តែបង្កការងាយស្រួល និងលើកទឹកចិត្តដល់ក្រុមឧទ្ទាមទាមទារផ្ដាច់ទឹកដី។ មួយវិញទៀត កាន់តែសំខាន់ នោះគឺច្បាស់ណាស់ គម្រោងព្រែកជីកក្រាអាចប្រឈមមុខនឹងការជំទាស់យ៉ាងខ្លាំង ពីសំណាក់សហរដ្ឋអាមេរិក។

ជាការពិតណាស់ ថៃមានទំនាក់ទំនងជិតស្និទជាមួយចិន តែថៃខ្លួនឯងក៏ជាសម្ព័ន្ធមិត្តមួយរបស់សហរដ្ឋអាមេរិកដែរ។ ដូច្នេះហើយគម្រោងព្រែកជីកក្រា ចង់ ឬមិនចង់វាអាចនឹងធ្វើឱ្យថៃក្លាយជាសាច់នំបុ័ងសាំងវិចគៀប នៅចំកណ្ដាលនៃជម្លោះរវាងសហរដ្ឋអាមេរិក និងចិន ដែលនេះមិនមែនជាអ្វីដែលថៃចង់បាននោះទេ៕

ប្រភព៖ Lowy Institute (ថ្ងៃចន្ទ ទី០៤ ខែតុលា ឆ្នាំ២០២១)