(ហ្សាកាតា)៖ មន្រ្តីរដ្ឋាភិបាលម្នាក់បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសឥណ្ឌូនេស៊ីនឹងបើកជើងហោះហើរអន្តរជាតិ ទៅកាន់កោះបាលីឡើងវិញសម្រាប់ភ្ញៀវបរទេសមកពីប្រទេសមួយចំនួន ចាប់ផ្តើមពីថ្ងៃទី១៤ ខែតុលាខាងមុខនេះ ដោយសារការឆ្លងជំងឺកូវីដ១៩ បានធូរស្រាល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី០៤ ខែតុលា ឆ្នាំ២០២១។

រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រ និងវិនិយោគលោក Luhut Binsar Pandjaitan បានប្រាប់សន្និសីទសារព័ត៌មានមួយថ្ងៃនេះថា ប្រទេសឥណ្ឌូនេស៊ីនឹងចាប់ទទួលភ្ញៀវទេសចរអន្តរជាតិ ដែលមកពីកូរ៉េខាងត្បូង ចិន ជប៉ុន និងនូវែលសេឡង់ ព្រមទាំងមកពីទីក្រុង Abu Dhabi និងទីក្រុង Dubai នៃប្រទេសអារ៉ាប់នៅថ្ងៃទី១៤ ខែតុលាខាងមុខនេះ។

ទោះជាយ៉ាងណា ភ្ញៀវអន្តរជាតិដែលត្រូវបានអនុញ្ញាតឱ្យចូលក្នុងប្រទេសប្រជុំកោះនេះ ត្រូវភ្ជាប់មកជាមួយលិខិតបញ្ជាក់ នៃការកក់សណ្ឋាគារដោយមានការធ្វើចាត្តឡីស័កយ៉ាងហោចណាស់៨ថ្ងៃ និងធ្វើតេស្តសុខភាព។

គួរបញ្ជាក់ថា រដ្ឋាភិបាលឥណ្ឌូណេស៊ីបានសម្រេចអូសបន្លាយពេល នៃវិធានការរឹតបន្តឹងលើការធ្វើដំណើរជាសាធារណៈ ដែលនឹងផុតកំណត់នៅថ្ងៃចន្ទនេះរហូតដល់ថ្ងៃទី១៨ ខែតុលា។ ប៉ុន្តែបានបន្ធូរបន្ថយការរឹតត្បិតនៅតាមទីសាធារណៈដូចជាផ្សារទំនើប កន្លែងកម្សាន្ត និងកន្លែងកីឡាជាដើម៕