(តូក្យូ)៖ បន្ទាប់ពីត្រូវបានសភាទាំងពីរជាន់ថ្នាក់របស់ប្រទេសជប៉ុន បោះឆ្នោតជ្រើសតាំងជាផ្លូវការជានាយករដ្ឋមន្រ្តីថ្មី បន្តពីលោក ស៊ូហ្គា (Yoshihide Suga) នោះ លោក ហ្វ៊ូមីអុ គីហ្ស៊ីដា (Fumio Kishida) បានបង្ហាញពីសមាសភាពគណៈរដ្ឋមន្រ្តីថ្មីរបស់លោក ដោយក្នុងនោះក៏រួមមានទាំងមនុស្សរបស់ អតីតនាយករដ្ឋមន្រ្តី លោក អាបេ ស៉ីនហ្សូ ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៉ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី០៤ ខែតុលា ឆ្នាំ២០២១។

ក្នុងចំណោមតំណែងទាំង ២០ ក្នុងគណៈរដ្ឋមន្រ្តី តំណែងចំនួន ១៣ ត្រូវបានបំពេញដោយបុគ្គល ដែលមិនធ្លាប់មានបទពិសោធន៍បម្រើការ ជារដ្ឋមន្រ្តីពីមុនមកនោះឡើយ។ វាស្របទៅតាមការសន្យាផ្ទាល់របសលោក Kishida ដែលថានឹងផ្តល់ឱកាសច្រើនដល់អ្នកថ្មីៗ។ ទោះជាយ៉ាងណាក្តី ភាគច្រើននៃមុខតំណែងសំខាន់ៗ គឺបានទៅលើមនុស្សជំនិតរបស់ អតីតនាយករដ្ឋមន្រ្តី លោក អាបេ និងអតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុ លោក អាសូ។

រដ្ឋមន្រ្តីការបរទេសលោក តូហ្ស៊ីមីតស៊ូ ម៉ូតេជិ (Toshimitsu Motegi) និងរដ្ឋមន្រ្តីការពារជាតិ លោក ណូប៊ូអុ គីហ្សិ (Nobuo Kishi) នៃរដ្ឋបាលលោក Suga នៅរក្សាតំណែងដូចដើមដដែល។ លោក Motegi បានកាន់តួនាទីជាប្រមុខការទូតនេះ តាំងពីជំនាន់លោក អាបេ ធ្វើជានាយករដ្ឋមន្ត្រីកាលពីឆ្នាំ២០១៩។ រីឯលោក Kishi ត្រូវជាប្អូនប្រុសរបស់លោក អាបេ។ សម្រាប់តំណែងរដ្ឋមន្រ្តីហិរញ្ញវត្ថុវិញ លោក អាសូ ត្រូវបានជំនួសដោយប្អូនថ្លៃលោក គឺលោក ហ្សិននីជិ ស៊ូហ្ស៊ូគិ (Shunichi Suzuki)។

ចំណែករដ្ឋមន្រ្តីសេដ្ឋកិច្ច-ពាណិជ្ជកម្ម បានទៅលោក កូអ៊ីឈិ ហាជិអ៊ូដា (Koichi Hagiuda) ដែលជាមនុស្សជំនិតម្នាក់របស់លោក អាបេ។ នៅក្នុងគណៈរដ្ឋមន្រ្តីរបស់លោកនាយករដ្ឋមន្ត្រី Kishida ក៏មានស្រ្តីចំនួន ៣រូបផងដែរ ដោយមួយរូបគឺលោកស្រី នូរីកុ ហូរីអ៊ូឈិ (Noriko Horiuchi) ត្រូវបានតែងតាំងជារដ្ឋមន្រ្តីវ៉ាក់សាំង។

គួរបញ្ជាក់ថា ក្នុងចំណោមបញ្ហាប្រឈមធំៗបំផុតនៅក្នុងប្រទេសជប៉ុន ដែលកំពុងរង់ចាំ លោក Kishida គឺការដោះស្រាយវិបត្តិជំងឺឆ្លងរាតត្បាត COVID-19 និងការស្តារសេដ្ឋកិច្ចឡើងវិញ។ បន្ថែមពីនេះលោកក៏ត្រូវត្រៀមខ្លួន សម្រាប់ការដឹកនាំគណបក្សកាន់អំណាច (LDP) ទៅដណ្តើមយកជ័យជម្នះជាថ្មី នៅក្នុងការបោះឆ្នោតសកល នៅចុងឆ្នាំ២០២១នេះផងដែរ៕