(បាងកក)៖ មន្រ្តីថៃម្នាក់នៅថ្ងៃចន្ទ ទី០៤ ខែតុលា ឆ្នាំ២០២១ នេះបាននិយាយថា រដ្ឋាភិបាលថៃកំពុងពិភាក្សាជាមួយក្រុមហ៊ុនផលិតឱសថអាមេរិក មើក (Merck) ដើម្បីទិញថ្នាំគ្រាប់សម្រាប់ព្យាបាលជំងឺ COVID-19 របស់ក្រុមហ៊ុនចំនួន ២០ម៉ឺនគ្រាប់។ នេះបើយោងតាមការចេញផ្សាយ ទីភ្នាក់ងារដោយសារព័ត៌មាន Reuters។

អគ្គនាយកនៃនាយកដ្ឋានសេវាកម្មវេជ្ជសាស្ត្រថៃ (DMS) លោក សុមសាក់ អាកស៊ីល (Somsak Akksilp) បានគូសបញ្ជាក់ប្រាប់ Reuters ថា នាពេលបច្ចុប្បន្ននេះ ប្រទេសថៃកំពុងធ្វើការលើកិច្ចព្រមព្រៀងទិញ ថ្នាំគ្រាប់សម្រាប់ព្យាបាលជំងឺ COVID-19 ដែលមានឈ្មោះថា ម៉ុលនីភីរ៉ាវា (molnupiravir) ពីក្រុមហ៊ុនផលិតឱសថអាមេរិក Merck ចំនួន ២០ម៉ឺនគ្រាប់ ដែលត្រូវបានរំពឹងថា នឹងបញ្ចប់នៅសប្តាហ៍នេះ។

លោក Somsak Akksilp បានគូសបញ្ជាក់ប្រាប់បន្ថែមថា ថ្នាំគ្រាប់ molnupiravir ប្រហែលជាអាចមកដល់ប្រទេសថៃ ក្នុងអំឡុងខែធ្នូខាងមុខនេះ បើទោះបីជាកិច្ចព្រមព្រៀងនេះ ត្រូវស្ថិតនៅក្រោមការអនុម័តដោយរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) និងនិយតករថៃក៏ដោយ។

គួរបញ្ជាក់តាម ក្រុមហ៊ុនផលិតឱសថនៅសហរដ្ឋអាមេរិក មើក (Merck & Co.) បានឲ្យដឹងកាលពីសប្តាហ៍មុននេះថា យោងតាមលទ្ធផលសិក្សាក្នុងមន្ទីរពិសោធន៍ ថ្នាំគ្រាប់ឈ្មោះ molnupiravir ដែលខ្លួនកំពុងអភិវឌ្ឍ មានប្រសិទ្ធភាពប្រឆាំងនឹង វីរុសបំប្លែងខ្លួនផ្សេងៗនៃជំងឺ COVID-19 រួមមានទាំងវីរុស Delta ដែលខ្លាំងជាងគេនោះផងដែរ ដោយអាចជួយអ្នកជំងឺឆាប់ជាស្បើយ។ ថ្នាំគ្រាប់ molnupiravir អាចកាត់បន្ថយអត្រាអ្នកត្រូវចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬអ្នកស្លាប់នៃជំងឺ COVID-19 ដែលធ្លាក់ខ្លួនឈឺធ្ងន់ បានរហូតដល់ទៅ ៥០%៕