(តូក្យូ)៖ នៅទីបំផុតប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចនៅប្រទេសជប៉ុន លោក ហ្វ៊ូមីអុ គីហ្ស៊ីដា (Fumio Kishida) ត្រូវបានសភាជប៉ុនបោះឆ្នោតគាំទ្រជាផ្លូវការហើយ ក្នុងការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី បន្ទាប់ពីលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Suga Yoshihide) បានសម្រេចចិត្តលាលែងចេញពីតំណែងនេះ កាលពីខែកញ្ញា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃចន្ទ ទី០៤ ខែតុលា ឆ្នាំ២០២១។

ដោយសារគណបក្សចំរុះរបស់ LDP មានសំឡេងភាគច្រើនស្រាប់ នៅក្នុងសភាទាំងពីរជាន់ថ្នាក់របស់ប្រទេសជប៉ុន ហេតុដូច្នេះការបោះឆ្នោតគាំទ្រលោក Fumio Kishida ឲ្យឡើងកាន់តំណែងនាយករដ្ឋមន្ត្រីជាផ្លូវការនោះ ត្រូវបានគេមើលឃើញតាំងពីដើមរួចមកហើយថា នឹងប្រព្រឹត្តទៅដោយរលូន។ លោក គីហ្ស៊ីដា ដែលបច្ចុប្បន្នមានវ័យ ៦៤ឆ្នាំ នឹងត្រូវស្បថឡើងកាន់តំណែងជាផ្លូវការ នៅក្នុងព្រះបរមរាជវាំងជប៉ុននៅល្ងាចថ្ងៃចន្ទនេះ (ម៉ោងនៅទីក្រុងតូក្យូ) ហើយក៏នឹងធ្វើសន្និសីទសារព័ត៌មាន បន្ទាប់ពីពេលនោះផងដែរ។

គួរបញ្ជាក់ថា មុននឹងចូលទៅស្បថឡើងកាន់តំណែងនាយករដ្ឋមន្ត្រីថ្មី នៅព្រះបរមរាជវាំង លោក គីហ្ស៊ីដា នៅរសៀលថ្ងៃចន្ទនេះ នឹងត្រូវប្រកាសឈ្មោះសមាជិកសំខាន់ៗ ក្នុងជួរគណៈរដ្ឋមន្ត្រីថ្មីរបស់លោកជាមុនសិន។ លោក Fumio Kishida ដែលធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីការបរទេស នៅក្នុងជួររដ្ឋាភិបាលរបស់លោក អាបេ នឹងត្រូវស្បថចូលកាន់តំណែង ក្នុងនាមជានាយករដ្ឋមន្ត្រីជប៉ុនទី ១០០៕